(កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ បានអញ្ជើញដឹកនាំក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ចុះទស្សនកិច្ចស្វែងយល់ការងារគ្រប់គ្រង និងដឹកនាំ និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យទី២ ក្នុងចំណោមមន្ទីរពេទ្យទាំងបី ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការផ្តួចផ្តើមរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្រោយពីបានចុះទស្សនកិច្ចដោយផ្ទាល់នូវផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យ ពិគ្រោះ និងបែងចែកជំងឺ ផ្នែកសម្ភព និងថែទាំទារក ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្ត្រ ផ្នែកអេកូសាស្ត្រ ផ្នែកសល្យាគារ ផ្នែកឱសថស្ថាន ផ្នែករដ្ឋបាល ផ្នែកបច្ចេកទេស និងផ្នែកគណនេយ្យ ។
ក្នុងឳកាសនោះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានរាយការណ៍អំពីមន្ទីរពេទ្យខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅសកម្មភាពផ្តល់សេវា និងបានលើកឡើងនូវបញ្ហាប្រឈមនានា ជូនប្រតិភូនៃមន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់ថា ដើម្បីជួយលើកកម្ពស់គុណភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្ត ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅធ្វើយ៉ាងណា ឲ្យដៃគូមន្ទីរពេទ្យសម្ព័ន្ធភាពទទួល បាននូវការបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ឲ្យបានកាន់តែប្រសើរ ប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្នុងតំបន់៕