(ភ្នំពេញ)៖ បន្ទាប់ពីបទបញ្ជាឲ្យស្រាវជ្រាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ Logo ដែលមានអក្សរ «NC» ត្រូវបានអ្នកគ្រប់គ្រងគេនោះណែនាំឲ្យបកចេញជាបន្ដបន្ទាប់ ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធដល់អ្នកនៅខាងក្រោយ។
បើទោះបី Logo «NC» ត្រូវបានដោះចេញក៏ពិតមែន ប៉ុន្ដែអ្នកដែលនៅពីខាងក្រោយនេះ បានណែនាំដល់ម្ចាស់រថយន្ដទាំងអស់បង់លុយប្រចាំខែឲ្យគេថា ក្នុងករណីមាននគរបាលចរាចរណ៍ ចាប់ ឬឃាត់នៅគោលដៅណាត្រូវទាក់ទងតាមខ្សែបណ្ដោយលេខទូរស័ព្ទដែលគេផ្ដល់ឲ្យ ដើម្បីគេចេញអន្ដរាគមន៍ដោះភ្លាមៗតែម្ដង។
សូមរំលឹកថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។
ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះពីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។
តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់ បានឲ្យដឹងថា Logo ខ្លះដូចជា «NC» នេះគ្រាន់តែបិតនៅលើឡានដឹកទំនិញ និងឡានដឹកដី ត្រូវបង់មួយខែប្រមាណ៣០ដុល្លារ ហើយឡានដែលមានបិទ Logo នេះមិនតិចនោះឡើយ ពោលរាប់រយឡានឯណោះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបានឲ្យកម្លាំងនគរបាលខាងបុគ្គលិកធ្វើការស្រាវជ្រាវបន្ទាន់»។
មជ្ឈដ្ឋានមួយចំនួន ដែលបានដឹងរឿងរ៉ាវទាំងនេះ បានលើកឡើងថា តាមពិត Logo បិទលើឡាននេះមានយូរណាស់មកហើយ ដែលអាចផ្តល់សិទ្ធិអាទិភាពសម្រាប់ការដឹកទំនិញផ្សេងៗ ចូលក្រុងទោះម៉ោងហាមឃាត់ក៏ដោយ ដែលផ្តល់ភាពងាយស្រួលដល់អ្នករកស៊ីដឹកទំនិញ ពោលគ្រាន់តែបង់លុយប្រចាំខែជូនអ្នកម៉ៅស្លាក Logo នេះ រួចជាការស្រេច។ សង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងធ្វើការស្រាវជ្រាវករណីនេះ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យទាំងនេះ ដែលបានកើតឡើងយូរឆ្នាំមកហើយ៕