(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះអំពើភេរវកម្ម ដែលប៉ុនប៉ងធ្វើឃាតលើ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច តាមរយៈការរៀបចំគម្រោងវាយប្រហារដោយដូនចូល ភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ក៏សូមប្រឆាំងដាច់ខាត ចំពោះអ្នកចូលរួមពាក់ព័ន្ធ ដែលមានបំណងគាំទ្រដល់អំពើភេរវកម្មក្រៅច្បាប់ ដ៏សាហាវឃោរឃៅនេះ និងសូមប្ដេជ្ញាចូលរួមជាមួយកម្លាំងជាតិ និងកម្លាំងយុត្តិធម៌ទាំងអស់ ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានដាច់ខាត មិនឱ្យអំពើដ៏ព្រៃផ្សៃបែបនេះអនុវត្ត បានសម្រេចតាមឧបាយកលអាក្រក់ផុតលេខរបស់ពួកគេបានឡើយ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕