(ភ្នំពេញ)៖ លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានថ្លែងមតិដោយសម្តែងនូវសេចក្តីរីករាយ និងមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធនាការបរិច្ចាគឈាមលើកទី១០ របស់មូលនិធិ ម៉េងលី ជេ. គួច។

លោកថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសមូលនិធិ ម៉េងលី ជេ. គួច សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាបប្រារព្វនូវយុទ្ធនាកាបរិច្ចាគឈាមស្ម័គ្រចិត្តដ៏ធំ ជាលើកទី១០ របស់ខ្លួន ក្រោមប្រធានបទ «ផ្តើមក្តីស្រលាញ់ ផ្តើមដោយការបរិច្ចាគឈាម»

លោក លឹម ហេង បានថ្លែងថា នេះពិតជាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លឹមសារ ហើយស្តែងឱ្យឃើញពីការយល់ដឹងរបស់ប្រជាជនពលរដ្ឋយើង ទាក់ទងនឹងអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ហើយរឹតតែពិសេសជាងនេះទៅទៀតនោះ គឺសកម្មភាពសប្បុរសធម៌របស់សាលារៀន អន្តរទ្វីប អាមេកាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាផ្នែកមួយនៃការជួយផ្សារភ្ជាប់វិស័យអប់រំជាមួយ និងវិស័យសុខាភិបាល។

«ខ្ញុំសូមលើកទឹកចិត្តនិងជម្រុញឱ្យមានសកម្មភាពបែបនេះឱ្យរិតតែច្រើន ដើម្បីជួយសង្រ្គោះដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលត្រូវការឈាមសង្គ្រោះបន្ទាន់»។ លោកបានបញ្ជាក់បន្ថែម។

ការបរិច្ចាគឈាម បានធ្វើឡើងស្ថិតនៅទីតាំងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប និងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សនិស្សិតពីសកលវិទ្យាល័យអង្គរ និងសាធារណជនប្រមាណជាង ១៧០នាក់ ក្នុងគោលបំណងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺជាពិសេសកុមារ ស្ត្រី និងអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងត្រូវការឈាម និងជំនួយបន្ទាន់ ហើយក៏ជាការបង្ហាញនូវទង្វើប្រកបដោយសប្បុរសធម៌ នាថ្ងៃទិវារនៃក្តីស្រឡាញ់នេះផងដែរ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច នោះផងដែរ លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានសម្ដែងការយល់ឃើញយ៉ាងដូច្នេះថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាតម្រូវការឈាម គឺនៅមានកម្រិតខ្ពស់បំផុតសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស និងអ្នកជំងឺ។

លោកបានបន្តថា «សម្រាប់យើងទាំងអស់គ្នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ជាពិសេសការបង្ហាញនូវសេចក្តីស្រឡាញ់ និងទង្វើសប្បុរសធម៌ ហើយចូលរួមរក្សានូវវប្បធម៌នៃការចែករំលែកប្រកបដោយគុណតម្លៃ និងអាចជួយសង្រ្គោះជីវិតមនុស្សក្នុងគ្រាដែលពួកគេកំពុងដង្ហោយរកជំនួយពីយើងបានទៀតផង»

សូមបញ្ជាក់ផងដែរថា គម្រោងធនាគារឈាម ម៉េងលី ជេ. គួច ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦ នៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយគិតមកដល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានរៀបចំគម្រោងធនាគារឈាម ម៉េងលី ជេ. គួច បានចំនួន៩ លើករួចមកហើយ ដោយមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម សរុបចំនួន ៨២០ នាក់ ព្រមទាំងបានជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមប្រមាណជាង ២០០ នាក់ ផងដែរ៕