(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោកអភិសន្ដិបណ្ឌិត បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិន។

បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា, កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែងជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់ លោកលើកទឹកចិត្តឲ្យប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់។ ក្នុងន័យនេះ លោកក៏បានណែនាំដល់សមត្ថកិច្ចជំនាញ បន្ដស្រាវជ្រាវចាត់វិធានការក្រុមដែលបង្កើតកម្ចីអនឡាញខុសច្បាប់ទាំងអស់នេះ។

បន្ថែមពីនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដយកចិត្តទុកដាក់ករណីក្រុមល្បែងអនឡាញខុសច្បាប់ផងដែរ ពិសេសករណីផ្ញើសារមកញុះញង់ អូសទាញឲ្យបង្កើតគណនីលេងល្បែង ពោលសូម្បីតែទូរស័ព្ទរបស់លោកផ្ទាល់ ក៏មានអ្នកផ្ញើសារមករៀងរាល់ថ្ងៃផងដែរ៕