(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា គ្រោងនឹងដាក់លិខិតទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីសុំជួបសិក្សាអំពីដំណើរការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ នេះបើតាមការប្រកាសរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា គ្រោងចុះសិក្សាអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ បានធ្វើឡើងបន្ទាប់ពី លោកទទួលបានព័ត៌មានអំពីការដោះដូរដីរវាងកម្ពុជា និងវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន។
លោក ពេជ្រ ស្រស់ បានលើកឡើងថា «ក្នុងនាមអ្នកនយោបាយ និង ក្នុងនាមជាកូនខ្មែរត្រូវតែដឹង ឲ្យបានច្បាស់អំពីបញ្ហាព្រំដែននេះ ដើម្បីទប់ស្កាត់កុំ ឲ្យមានការបាត់បង់ទឹកដីកម្ពុជា ដូចចន្លោះឆ្នាំ១៩៤៩-១៩៥០ ដែលកម្ពុជាបានបាត់បង់ទឹកដីកម្ពុជា ក្រោមដោយសារតែមន្រ្តីរដ្ឋាភិបាលជំនាន់នោះអសមត្ថភាពធ្វើ កិច្ចការងារព្រំដែននេះ»។
អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ។
កាលពីខែសីហា កន្លងទៅ លោក ពេជ្រ ស្រស់ បានចេញមុខប្រឆាំងចំពោះសកម្មភាពរបស់វៀតណាម ដែលបានរំលោភលើព្រំដែនកម្ពុជា។ គណបក្សយុវជនកម្ពុជា ថែមទាំងព្រមានធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលវៀតណាមប្រកាសជំហរបញ្ឈប់សកម្មភាពរំលោភលើព្រំដែនកម្ពុជានេះផងដែរ ប៉ុន្តែទោះជាយ៉ាងណា បាតុកម្មបនេះមិនទាន់កំណត់ពេលច្បាស់លាស់នៅឡើយទេ បន្ទាប់ពីបានប្រកាសពន្យារពេលនាពេលកន្លងមក៕