(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នូវវិធានការ ដូចខាងក្រោម៖
* ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ
* បើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព
* មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុង រយៈពេល ៩ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារ ទាំងស្រុងនៅក្នុងផ្នែកណាមួយនៃសហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតទាំងអស់
* ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករនិយោជិតជាស្ត្រីមាន ផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន
* ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិត ជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់
* ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករ និយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំក្រោយសម្រាលកូន៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ៖