(មណ្ឌលគិរី)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមានរ៉ែច្រើន តែការផ្សព្វផ្សាយពីរ៉ែមានតិច ទើបលោកសម្រេចដឹកនាំអ្នកសារព័ត៌មានមកយកព័ត៌មានលម្អិតពីការវិនិយោគវិស័យរ៉ែ និងវិស័យផ្សេងៗ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ពុយ គា បានបញ្ជាក់ថា៖ «គោលបំណងសំខាន់នៃបេសកកម្មលើកនេះគឺផ្ដោតទៅលើវិស័យពីសំខាន់គឺ ទី១ ទាក់ទងនឹងសក្ដានុពលរ៉ែធម្មជាតិរបស់ខ្មែរយើង កាលណានិយាយអំពីរ៉ែ គឺមានរ៉ែមាស និងរ៉ែថ្ម ដែលនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះនេះ កំពុងតែធ្វើអាជីវកម្ម ហើទន្ទឹមហ្នឹងខេត្តមណ្ឌលគីរីជាភូមិភាគមួយដែលសម្បូរទៅដោយទេសភាពស្អាតៗ ហើយអាកាសធាតុក៏ត្រជាក់»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ឱ្យដឹងទៀតថា៖ «តាំងពីដើមមកយើងតែងតែនិយាយអំពីធនធានធម្មជាតិរ៉ែៗ ប៉ុន្តែរ៉ែមានច្រើនណាស់ រ៉ែធ្យូង រ៉ែមាស រ៉ែនេះរ៉ែនោះ ក៏ប៉ុន្តែសារព័ត៌មានយើងការចុះផ្សាយអំពីទីតាំងរ៉ែហ្នឹងគឺតិចមែនទែន ការផ្សព្វផ្សាយគឺតិចតួចមែនទែន ហើយចង់ដឹងថាតើ អ្វីដែលយើងនិយាយក្នុងសៀវភៅតាំងពីក្មេងទាំងអស់ហ្នឹង មកដល់ពេលនេះយើងយកបានប៉ុន្មានហើយរ៉ែហ្នឹង? ហើយយើងក៏ចង់ដែរថា ជនជាតិអ្វី? មកយករ៉ែនៅកម្ពុជាខ្មែរ ឬក៏អី? ហើយមានតម្លាភាពប៉ុណ្ណា? នេះជាព័ត៌មានយ៉ាងសំខាន់ដែលយើងចង់ដឹង»។
ជាការគួរឱ្យកត់សម្គាល់ ការចុះធ្វើព័ត៌មានទ្រង់ទ្រាយធំនេះ នឹងចាប់ផ្ដើមពីអាជីវកម្មរ៉ែមាសរបស់កម្ពុជា ដែលបានទាញចំណូលយ៉ាងច្រើនចូលក្នុងថវិកាជាតិ ខណៈដែលពិភពលោកទាំងក្នុង និងក្រៅតំបន់កំពុងតែមានបញ្ហាប្រឈមច្រើនលើផ្នែកសេដ្ឋកិច្ច ដែលធនធានរ៉ែនេះអាចជាផ្នែកមួយក្នុងការជំនួយសម្រួលដល់សេដ្ឋកិច្ចកម្ពុជា។
បេសកកម្មលើកទី៧របស់ក្លឹបអ្នកកាសែតនាពេលនេះ មានការចូលរួមមួយអ្នកសារព័ត៌មានជាង៥០នាក់ មកពីនាង២០ស្ថាប័ន ហើយផ្សាយចំនួន៥ភាសារួមមាន៖ ភាសាខ្មែរ បារាំង អង់គ្លេស ចិន និងវៀតណាម នឹងផ្សព្វផ្សាយលម្អិតអំពីរ៉ែ ធនធានកម្រៗ និងវិស័យកសិឧស្សាហកម្មរបស់កម្ពុជា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
សូមជម្រាបថា នេះជាលើកទី៧ហើយនៃបេសកកម្មផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំរបស់ក្លឹបអ្នកកាសែតកម្ពុជា មានបន្ទាប់ពីបានចុះបេសកកម្មទៅខេត្តព្រះសីហនុ ,ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់, រមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លឹបអ្នកកាសែតកម្ពុជា (ក អ.ក) នឹងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ជាមួយក្ដីរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្របេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕