(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើសុំដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្ររបៀបវារៈពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីធានាថា ជំនួយសម្រាប់ពាណិជ្ជកម្ម នឹងមានភាពប្រទាក់ក្រលាជាមួយផែនការ រយៈពេលមធ្យមឆ្នាំ២០១៦-២០១៨។
សំណើរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសបិទកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ជំហានទី១ (EIF Tier 1) ព្រមទាំងគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហានទី ១ (CDEP I) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសុខា។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្មវិធី EIF បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អំណាចដល់ស្ត្រី, បង្កើតការងារដល់យុវជន និងកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ព្រមទាំងបានជួយគាំទ្រប្រទេសកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពន្លឿនការអនុវត្តន៍ខ្សែចង្វាក់តម្លៃក្នុងវិស័យពាក់ព័ន្ធដូចជា៖ សូត្រប្រណិត, អង្ករ, ផលនេសាទសមុទ្រ, ដំឡូងមី, និងឧស្សាហកម្មបដិសណ្ឋារកិច្ច។
លោក ប៉ាន សូរស័ក្តិ បានបន្តថា ក្រោមការជួយឧបត្ថម្ភពីគម្រោង CDEP I យុទ្ធសាស្ត្រសូត្រ និងការផ្តល់អំណាចដល់ស្ត្រី បានលើកកិត្តិនាមរបស់យើងនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ ការបង្កើតឲ្យមានក្រុមការងារស្រូវអង្ករ បានដោះស្រាយបញ្ហាប្រឈមមួយចំនួនធំដូចជា វិញ្ញាបនបត្របញ្ជាក់ម៉ាកផលិតផល, ការគាំទ្រហិរញ្ញវត្ថុ (ប្រាក់កំចី) ដើម្បីគាំទ្រកសិករ និងទិញស្រូវក្នុងតម្លៃសមរម្យ និងធានាបានកូតាទីផ្សារអង្ករបន្ថែមទៅប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «យើងមានផែនការរយៈពេលធម្យម (MTP) និងផែនទីបង្ហាញផ្លូវនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងតួនាទីរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពនៃការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងតំបន់ ស្របតាមការប្រែប្រួលដ៏ឆាប់រហ័ស នៃបរិបទសេដ្ឋកិច្ចពិភពលោក»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់បន្ថែមថា លទ្ធផលដែលសម្រេចបានក្រោមកម្មវិធី EIF Tier 1 និងគម្រោង CDEP I នឹងត្រូវពង្រីកបន្ថែម ដើម្បីបន្តរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព៕