(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុប​សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិស​ដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការមួយ ដែលបង្កើត​ឡើង​ដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារ​ផ្នែកអភិវឌ្ឍ​នៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋា​ភិ​បាល​បានបង្កើតក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ៖

១៖ ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល
២៖ ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព
៣៖ ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន
៤៖ ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀប​របបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អ​ប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាន​សម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំង​បានកែសម្រួលសមាសភាព ឱ្យស្របតាមស្ថានភាពជាក់ស្តែង៕