(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា​ ក្នុងនាមយើងជាគ្រូពេទ្យ បើសិនណាជាឃើញអ្នកជំងឺកាន់តែងាយរងគ្រោះ ឬខ្វះខាត យើងកាន់តែត្រូវយកចិត្ដទុក្ខដាក់ ព្រោះការជួបប្រទះការលំបាករបស់មនុស្សយើងម្នាក់ៗ គឺមិនដូចនិងស្មើគ្នាទេ ហើយអ្នកដែលជួបការលំបាកជាងគេ គឺអ្នកដែលខ្វះខាតជាងគេ ហើយក៏រងគ្រោះខ្លាំងជាងគេ ដែលទាមទារឱ្យយើងត្រូវតែយកចិត្ដទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ ជូនទៅកាន់ពួកគាត់។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រា​ចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «មនុស្សយើងនៅលោកនេះ គឺជួបប្រទះនូវការលំបាកខុសគ្នា ហើយទម្ងន់នៃការងាយរងគ្រោះក៏មិនដូចគ្នាដែរ ដូច្នេះពេលយើងឃើញស្ថានភាពជំងឺ ដូចជាអ្នកជំងឺចាស់ជរា បងប្អូនមានពិការភាព បត្រូវផ្ដល់អាទិភាព ធ្វើយ៉ាងណាបង្កលក្ខណៈជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។

លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងមន្ដ្រី បុគ្គលិកទាំងអស់ ត្រូវបន្ដពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងជំនាញឯកទេសថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។ ហើយត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានស្នើឱ្យតាមបណ្ដាមូលដ្ឋានសុខាភិបាលទូទាំង​ប្រទេស ត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ពិសេសសម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ដូចជាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតជាដើម ត្រូវចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព។

បន្ទាប់ពីមានប្រសាសន៍ណែនាំខាងលើនេះហើយ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់ បំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

ក្រោយពីបញ្ចប់បើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងលើនេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលធ្វើឱ្យអ្នកជំងឺ និងគ្រួសារអ្នកជំងឺមានសម្ដែងនូវសេចក្ដីរំភើប និងកក់ក្ដៅជាខ្លាំង៕