(កំពង់ស្ពឺ)៖ លោក នរៈ រតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះជួយឃុំវល្លិ៍ស នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ដឹកដីចាក់ទប់ទំនប់ប្រឡាយមួយ ដែលត្រូវទឹកជំនន់ហូរដាច់ ស្ថិតក្នុងភូមិគោកព្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មាការិនីរោងចក្រ ដែលត្រូវការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះ លោក នរៈ រតៈវឌ្ឍនោ បានលើកឡើងថា ការចាក់ដីធ្វើទំនប់ខាងលើ មានបណ្តោយ ៥០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ជូនប្រជាពលរដ្ឋជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់។
លោករដ្ឋលេខាធិការបន្តទៀតថា ក្នុងនាមលោកជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះពង្រឹងឃុំវល្លិ៍សពេលនេះ គឺដល់ពេលដែលត្រូវជួយដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋ ក្នុងមូលដ្ឋានដែលកំពុងជួបការលំបាក។
គ្រាដែលចុះមើលការបើកកាដ្ឋាននោះ គេសង្កេតឃើញមានវត្តមាន ប្រធានគណបក្សឃុំវល្លិ៍ស និងប្រធានសាខាបក្សភូមិ ចំនួន៨ភូមិ ដែលធ្វើដំណើរតាមផ្លូវខាងលើនេះ ព្រមទាំងប្រជាពលរដ្ឋ តំណាងទាំង៨ភូមិ ក្នុងឃុំវល្លិ៍ស ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផងដែរ។
ក្នុងការងារចំណាយការជួសជុលផ្លូវពេលនោះដែរ ក្រុមការងារបានពិនិត្យស្ថានភាពផ្លូវ១ខ្សែទៀត ក្រោយជំនន់ទឹកភ្លៀង នៅក្នុងភូមិគោកព្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ដដែល រងការការខូចខាតដែរ លោក នរៈ រតៈវឌ្ឍនោ ក៏បានប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា លោកនឹងបន្ថែមការជួសជុលជូនបន្ថែមទៀត ក្រោយពីគ្រឿងចក្រធ្វើផ្លូវទំនប់ខាងលើរួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់៕