(កំពង់ធំ)៖ លោក ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ចាប់ពីតាក្រហម ក ដល់មាត់ស្ទឹងសែន និងតាមឆ្នេរខ្សាច់មាត់ស្ទឹងសែន ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

នាឱកាសនោះ លោក ហ៊ីម លីម៉េង បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្តបានគ្រោងរៀបចំសង្ក្រាន្តកំពង់ធំ ឱ្យបានអធិកអាធម សម្រាប់ប្រជាពលរដ្ឋ​បានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហា ជនទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកម្សាន្តឲ្យបានច្រើនកុះករ ។

លោកបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា​មានសុខសន្តិភាព​ពេញលេញមានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំក ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងសុខដុមរមនា។

លោក ហ៊ីម លីម៉េង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមតុបតែងលម្អតាមគេហដ្ឋានរបស់ខ្លួន និងសម្អាតបរិស្ថានឲ្យបានស្អាត ព្រមទាំងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តកំពង់ធំឲ្យបានច្រើនកុះករ ។

គូបញ្ជាក់ថាសម្រាប់ខេត្តកំពង់ធំរៀបចំសង្ក្រាន្តកំពង់ធំមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៥៕