(ភ្នំពេញ)៖ គណៈកម្មាធិការទី៩ នៃរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រី និន សាផុន បានចុះទស្សនកិច្ចទៅកាន់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វបន-STINL) និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ក៏ដូចជាតួនាទី សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនាគតនៃស្ថាប័នទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងអំពីកំណែទម្រង់សំខាន់ៗនៅស្ថាប័នទាំងពីរ ពិសេសការប្រែក្លាយមន្ទីរពិសោធន៍ជាតិ វបន ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោតជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត (Applied Research) ដែលជំរុញការបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ឧស្សាហកម្មក្នុងស្រុក។

លោកថែមទាំងបានលើកឡើងជាឧទាហរណ៍ពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតអាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យបំពេញតាមស្តង់ដារសម្រាប់ការនាំចេញ។

បច្ចុប្បន្ន វិទ្យាស្ថានជាតិ វនប កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដូចជាគម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគលើផលិតផលចំណីអាហារដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេងដើម្បីបំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោង ស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់វិស័យឯកជន។

ចំណែកឯ មន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់ បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗ ដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី។ ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគសំណាកចំនួន ១១ ០១៨ ក្នុងឆ្នាំ២០២៤ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។

មន្ទីរពិសោធន៍ក៏គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច (MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

គណៈប្រតិភូនៃគណៈកម្មាធិការទី៩ រដ្ឋសភា បានកោតសរសើរចំពោះសមិទ្ធផលរបស់ស្ថាប័នទាំងពីរ និងបានបញ្ជាក់ការគាំទ្រលើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច គាំទ្រដល់យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល។

គណៈប្រតិភូបានបញ្ចប់ដំណើរទស្សនកិច្ចនេះ ដោយចុះទស្សនកិច្ចសម្ភារបរិក្ខារទំនើបៗនៅមន្ទីរពិសោធន៍ជាតិ វបន ជាមួយនឹងការផ្លាស់ប្តូរទស្សនៈយ៉ាងស្និទ្ធស្នាល ក្នុងស្មារតីសហប្រតិបត្តិការរវាងអង្គនិតិបញ្ញត្តិ និងស្ថាប័នទាំងពីរ៕