(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សតី្រ មុនិនាថ នរោត្ដម សីហនុ ព្រះវីររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្ដល់ថវិកាចំនួន ៥លានដុល្លារអាមេរិកជូនមន្ទីរពេទ្យ ហ្លួងម៉ែ។

ពិធីប្រគល់ និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយទទួលថវិកាដោយលោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ។

ក្នុងជំនួបសវនាការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានស្វាគមន៍ និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះថ្នាក់ដឹកនាំ, មន្ត្រី និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល រៀបចំឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាល ជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ ដើម្បីផ្ដល់សេ​វាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងស័ក្កសិទ្ធភាព។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា «ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យ មានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យចាប់ពីខែមីនា ខាងមុខនេះ, បានជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ជូនថវិកា ចំនួន ៥លានដុល្លារអាមេរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀតនូវសម្ភារៈបរិក្ខារ ដែលមានដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើត មន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។

ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែខាងលើនេះ គឺជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈ និងប្រកបដោយក្របសីលធម៌។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។ មូលនិធិទទួលបានពីទិវា៨ ឧសភា កាកបាទក្រហមកម្ពុជា តែងតែបានជួយឧបត្ថម្ភទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១លាន ដុល្លារជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក), បានចូលរួមក្នុងការកសាងមន្ទីរពេទ្យស្ត្រីនគរទេព, បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត, បានចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប, បានចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ, កុមារកំព្រា/អ្នកពិការ, អង្គការ/សមាគមមួយចំនួន។ ជាមួយគ្នានេះ ដោយសារការងារអប់រំថែទាំសុខភាពសហគមន៍ ជាវិស័យអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជា សមាគមជាតិទាំងនៅថ្នាក់កណ្តាល និងសាខា តែងតែមានសកម្មភាពជាប្រចាំក្នុងការអប់រំផ្សព្វផ្សាយ សុខភាពសហគមន៍, ការថែទាំសុខភាពបឋម និងការបង្ការទប់ស្កាត់ជំងឺឆ្លង-មិនឆ្លងនានានៅតាមជនបទ និងតាមគ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។ ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យ និងមន្ដ្រី បុគ្គលិក រួមទាំងប្រជាពលរដ្ឋ សូមចងចាំជានិច្ចនូវគុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបត្ថម្ភជូន ដល់មន្ទីរពេទ្យ ដែលនេះជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

សូមជម្រាបជូនថា អតីតមន្ទីរពេទ្យស្រី្តនគរទេព (បច្ចុប្បន្នមន្ទីរពេទ្យ ហ្លួងម៉ែ) ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានប្តូរឈ្មោះជា «មន្ទីរពេទ្យ ហ្លួង ម៉ែ» ។ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកយោបល់គោរពជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យ ហ្លួងម៉ែ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ១៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ទីរពេទ្យបានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ ដែលផ្តល់សេវា៖ ពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening), ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង៖ រោគស្ត្រី (ជំងឺស្បូន និងសុដន់), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង), ប្រព័ន្ធទឹកមូត្រ និងប្រព័ន្ធដង្ហើម៕