(ព្រះសីហនុ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងឲ្យដឹងថា បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) បាននិងកំពុងបម្រើសេវាបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល បានប្រើប្រាស់ ថវិការដ្ឋ ប្រមាណ៧៨លានដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ។និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការសង្គមស៊ីវិល មានចំនួន៥១,៤៧៥នាក់ និងអ្នកក្នុងបន្ទុកចំនួន ៣៩,៧៥៤នាក់។
លោក រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា លើសពីនេះរាជរដ្ឋាភិបាល បានតម្លើងប្រាក់របបគោលនយោបាយជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធជាពិសេស ជូននិវត្តជន, ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនជារៀងរាល់ឆ្នាំ ស្របតាមស្ថានភាព វិវឌ្ឍនៃសេដ្ឋកិច្ចជាតិផងដែរ។
លោក វង សូត បានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៦ របស់ បេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ។ កម្មវិធីខាងលើនេះ ក៏មានការចូលរួមពី លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ប.ជ.ស សរុបប្រមាណជិត២០០នាក់។
រដ្ឋមន្រ្តី វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តី រាជការស៊ីវិលទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនសិទ្ធិវន្តរបស់ ប.ជ.ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការគាំទ្រពីក្រសួង ស្ថាប័ន ធនាគារ និងដៃគូអភិវឌ្ឍនានាផងដែរ។
លោក វង សូត បានឲ្យដឹងទៀតថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ត្រង់មុំទី៣ ចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធកិច្ចគាំពារសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងការអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារ កុមារកំព្រា និងស្ត្រីងាយរងគ្រោះ ជនចាស់ជរា ជនពិការ មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។
កាលពីពេលថ្មីៗនេះ ក្រសួងបាន និងកំពុងជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ រួមទាំងគោលនយោបាយចំពោះជនពិការក្រីក្រ និងការបង្កើតសមាគមមនុស្សចាស់ជាដើម។
លោក វង សូត រដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដើម្បីឲ្យកិច្ចប្រជុំនេះទទួលបានលទ្ធផលល្អប្រសើរ និងស្នើឲ្យសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវ លើកឡើងនូវបញ្ហាប្រឈមនានា និងទស្សនវិស័យវែងឆ្ងាយ ដើម្បីមានមូលដ្ឋានជាគន្លឹះក្នុងការដោះស្រាយ និងលើកជាផែនការយុទ្ធសាស្រ្តឲ្យបានជាក់លាក់ ក្នុងទិសដៅជំរុញការងារ បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល និងនិរន្តរភាពក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់៕