(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជុំវិញការសម្រេចផ្អាកជំនួយរបស់អង្គការដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់គាំទ្រដល់ការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាមស្ថិត ក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
ស៉ីម៉ាក់បញ្ជាក់ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ខ្លួនបានទទួលព័ត៌មានជាផ្លូវការ ពីអង្គការដៃគូ ដោយស្នើសុំអង្គភាព CMACធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ស៉ីម៉ាក់បញ្ជាក់ថា ទោះបីគ្មានជំនួយរបស់អាមេរិក ក៏កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC មានចំនួនប្រមាណ ៩២% (៨% ប៉ះពាល់ដោយគម្រោងអាមរិក) បន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះ គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការ NPA អង្គការAPOPO និងអង្គការ MAG។
ប្រភពដដែលបញ្ជាក់ថា គម្រោងជំនួយថ្មីៗដែលអង្គភាព CMAC ទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយ បន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញ ដែលមានស្រាប់ និងមិនមែនជាជំនួយ ដែលត្រូវយកមកជំនួសកម្លាំងជំនាញ ដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា៕