(ស្វាយរៀង)៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យតាមបណ្តារាជធានី-ខេត្ត យកចិត្តទុកដាក់ចំពោះអាវុធហត្ថ និងក្រុមគ្រួសារដែលមានជំងឺ ជួបការលំបាក ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំលោក លោកស្រី មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ និងនាយកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង នូវទឹកប្រាក់ចំនួន ២៥,២៨៥,០០០រៀលជូនដល់លោកស្រីអនុសេនីយ៍ទោ សុខ ចាន់រី នាយរងលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានជំងឺរលាកតម្រងនោម ខ្នែងពោះវៀន និងទឹកដក់នៅអាងត្រគាក ក្រោយពីធ្វើការវះកាត់រួចឥលូវកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។

ថវិកាមូលនិធិដែលទទួលបាននាពេលនេះរួមមានថវិការបស់លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង ចំនួន១,០០០,០០០រៀល លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ថវិកាចំនួន១,០០០,០០០រៀល លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថវិកាចំនួន២,០០០,០០០រៀល លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកាចំនួន៣,០០០,០០០រៀល និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកាចំនួន១៨,២៨៥,០០០រៀល ចំពោះថវិកាទាំងអស់នេះបានមកពីការចូលរួមតាមសទ្ធាជ្រះថ្លារបស់នាយទាហាន នាយទាហានរង ដែលបានបង្កើតឡើងតាមការណែនាំចង្អុលបង្ហាញ និងមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវក្តីនឹករំលឹកព្រួយបារម្ភពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់លោកស្រីអនុសេនីយ៍ទោ សុខ ចាន់រី និងក្រុមគ្រួសារ និងសូមជូនពរឱ្យបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីចូលបម្រើការងារជូនអង្គភាពវិញ។

បន្ទាប់មកលោកស្រីអនុសេនីយ៍ទោ សុខ ចាន់រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានសាលាដំបូង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ព្រមទាំងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយទាហាន នាយទាហានរង ក្រោមឱវាទទាំងអស់ដែល បានអញ្ជើញមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីរពេទ្យផ្ទាល់នាងខ្ញុំសូមគោរពជូនពរនិងសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខនិងសូមជួបនូវពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕