(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍នគរបាលទួលសង្កែ ចេញអន្តរាគមន៍បង្ក្រាបទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣នាក់ និងដកហូតទូហ្គេមបាញ់ត្រី១គ្រឿង ដែលករណីនេះត្រូវបានប្រជាពលរដ្ឋ បានមើលឃើញរាល់ថ្ងៃ និងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះបង្ក្រាបឱ្យអស់ ព្រោះសកម្មភាពទាំងនេះ ជាហេតុនាំឱ្យមាន អំពើអបាយមុខផ្សេងៗទៀត។
អន្តរាគមន៍បង្ក្រាបខាងលើ ធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ក្នុងផ្ទះលេខ៧២ ខាងក្រោយប៉ុស្ដិ៍នគរបាលទួលសង្កែ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១.មានឈ្មោះ ម៉ៅ អូន ភេទស្រី អាយុ៤៦ឆ្នាំស្នាក់នៅ ចំណុចបង្រ្កាបខាងលើ (ជាអ្នកមើលការខុសត្រូវ), ទី២.ឈ្មោះ អ៉ឹង ចៅម៉េង អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកលេង), និងទី៣.ឈ្មោះ ចាន់ វិចិត្រ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២០០៧ តាមបណ្ដោយ ផ្លូវលេខជាតិ៥ ស្ថិតក្នុងក្រុម១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកលេងដែរ)។
ពាក់ព័ន្ធការបង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រី បានដាក់ការសង្ស័យ ដោយលើកឡើងថា «ហេតុអ្វីបានជាកម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បង្ក្រាបតែមួយកន្លែង ចុះមួយកន្លែងទៀតដែលនៅក្បែរគ្នា ជាប្រភេទហ្គេមបាញ់ត្រីដូចគ្នា និងជារបស់ជនជាតិវៀតណាម ឈ្មោះ ចុង ហេតុអីក៏មិនបង្ក្រាបទៅវិញ ហើយមានទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែងទៀត តាមផ្លូវលូ ចុះពីផ្លូវជាតិលេខ៥ ទៅខាងកើតប្រហែល ១០០ម៉ែត្រ ម្ដុំខ្ទមអ្នកតាក្បែរដើមពោធិ៍ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអាជីវកម្មហ្គេមបាញ់ត្រីរបស់ជនជាតិវៀតណាម ឈ្មោះ ចុង»។
ប្រជាពលរដ្ឋលើកឡើងទៀតថា ជនជាតិវៀតណាម ឈ្មោះ ចុង រហ័សនាម៩២ អាងខ្សែធំជានគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏ជាមេកាង បនល្បែងហ្គេមបាញ់ត្រីយ៉ាងធំ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ផងដែរ។ ហើយអ្វីដែលពួកគាត់ព្រួយបារម្ភ គឺបទល្មើសផ្សេងៗដែលកើតមានក្នុងរាជធានីភ្នំពេញ មួយចំនួនធំ គឺផ្ដើមចេញប្រភពនៃបនល្បែងស៊ីសងនេះ ខណៈវត្តមានហ្គេមបាញ់ត្រីជាលក្ខណៈចំហពង្វក់សិស្សសាលា ក្រុមបងតូចបងធំ អ្នកប្រើប្រាស់គ្រឿងញៀន ភ្លេចបាយភ្លេចទឹក ភ្លេចសាលា និងក្បត់ទំនុកចិត្ដឪពុកម្ដាយ អាណាព្យាបាលដោយញៀននឹងល្បែងទាំងនេះ។ អ្វីដែលកាន់តែខ្លាចជាងនេះទៅទៀតនោះ គឺអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកែវ ចុះបង្ក្រាបរហូត តែមិនបាន៣ថ្ងៃស្រួលបួលផង ទីតាំងទាំងនោះ បើកវិញព្រោងព្រាតដដែល។
តាមរយះគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សាលារាជធានីភ្នំពេញ បានចេញវិធានការយ៉ាងម៉ឺងម៉ាត់ដោយបញ្ចប់សកម្មភាពហ្គេមបាញ់ត្រីឲ្យអស់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥។ ប៉ុន្តែបើទោះជាដូច្នេះក្ដី ក៏គេនៅតែកត់សម្គាល់ឃើញថា វិធានការបង្ក្រាបបនល្បែងប្រភេទនេះ ហាក់ដូចជាត្រូវបានអនុវត្តតាមរបៀបចោះៗ ឲ្យល្អមើលតែប៉ុណ្ណោះ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា ទូរហ្គេមបាញ់ត្រី ១គ្រឿង និងឃាត់ខ្លួនអ្នកលេង ២នាក់ រួមទាំងអ្នកមើលការខុសត្រូវម្នាក់ និងបានបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕