(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយាល់ រេលវេ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីគម្រោងផ្លូវដែក ដើម្បីរួមគ្នា ក្នុងការចូលរួមជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រកបទៅដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីគម្រោងផ្លូវដែក បានធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយាល់ រេលវេ រួមទាំងមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែកជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះ លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីគម្រោងផ្លូវដែក រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសាធារណការ និងក្រុមហ៊ុន រ៉ូយាល់ រេលវេនេះ ជាការបោះជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅកាន់ការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP) ថ្មី ក្រោមរូបមន្តសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT) ស្របតាមគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺអនុវត្តស្របតាមគោលការណ៍ ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលបានផ្តល់គោលការណ៍អនុញ្ញាត ដូចខាងក្រោម៖
១៖ រៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement-FA) ដែលជាមូលដ្ឋាន ក្នុងការចរចា ដើម្បីបង្កើតកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី តាមរូបមន្ត សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT) ជំនួសម៉ូដែលនៃទម្រង់កិច្ចសន្យា Landlord បច្ចុប្បន្នដែលក្នុងនោះតម្រូវឱ្យមានការចរចាផ្ទា ល់ ជាមួយក្រុមហ៊ុន រ៉ូយាល់ រេលវេ ដោយបើកលទ្ធភាពឱ្យមានការចូលរួមពីរាជរដ្ឋាភិបាល និងដៃគូយុទ្ធសាស្ត្រផ្សេងទៀត ដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក។
២៖ ធានាឱ្យបាននូវនិរន្តរភាពនៃប្រតិបត្តិការផ្លូវដែក ដោយគ្មានការបង្អាក់នៅក្នុងអំឡុង ពេលចរចាដោយអនុញ្ញាតឱ្យក្រុមហ៊ុន រ៉ូយាល់ រេលវេ បន្តធ្វើប្រតិបត្តិការនៅក្នុងរយៈពេលអន្តរកាល រហូតដល់ការចរចាត្រូវបានបញ្ចប់។
៣៖ នៅពេលដែលដៃគូយុទ្ធសាស្ត្រថ្មី ត្រូវបានជ្រើសរើសរួចរាល់ រាជរដ្ឋាភិបាល, ក្រុមហ៊ុន រ៉ូយាល់ រេលវេ, និងដៃគូយុទ្ធសាស្ត្រថ្មី នឹងចូលរួមពិភាក្សារួមគ្នាក្នុងការបង្កើតក្រុមហ៊ុន សហអាជីវកម្ម (JV) ដើម្បីអាចចរចាជំហានបន្ទាប់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើត កិច្ចព្រមព្រៀងសម្បទានថ្មី ក្រោមទម្រង់ PPP Contract។
៤៖ រៀបចំសវនកម្មទៅលើក្រុមហ៊ុន រ៉ូយាល់ រេលវេ រួមមានដូចជា៖ សវនកម្មលើទ្រព្យ សកម្ម, សវនកម្មលើប្រតិបត្តិការរបស់ក្រុមហ៊ុន, សវនកម្មលើហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងសវនកម្មលើផ្នែកពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់។
លោក ប៉េង ពោធិ៍នា ក៏បានគូសបញ្ជាក់ដែរថា ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ បានព្យាករបរិមាណចរាចរណ៍អ្នកដំណើរ ដែលធ្វើដំណើរតាមផ្លូវដែក មានប្រមាណជា ១,៥លាននាក់/ឆ្នាំ រីឯ បរិមាណទំនិញមានប្រហែល ៨លានតោន/ឆ្នាំ។ ការព្យាករណ៍នេះក៏មានការគិតបញ្ចូលនូវខ្សែ បណ្តាញផ្លូវដែកថ្មីភ្នំពេញ និងបាវិត ដែលគ្រោងនឹងអភិវឌ្ឍត្រឹមឆ្នាំ២០៣០ផងដែរ។ ជាមួយគ្នានេះបរិមាណចរាចរណ៍ត្រូវបានព្យាករសម្រាប់ឆ្នាំ២០៣០ តាមបណ្ដុំដឹកជញ្ជូនសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដែលជារំហូរចេញ និងចូលនៅត្រង់ទីតាំងបណ្ដុំដឹកជញ្ជូននោះដោយគ្របដណ្តប់លើគ្រប់ ប្រភេទមធ្យោបាយដឹកជញ្ជូនរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទន្លេ ផ្លូវសមុទ្រ និងផ្លូវអាកាស។
ផ្អែកលើការវាយតម្លៃ និងស្ថានភាពពាក់ព័ន្ធនឹងកត្តាតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្លឹកនៅកម្ពុជា ក៏ដូចជាការព្យាករទំហំចរាចរណ៍ឆ្នាំ២០៣០ ចក្ខុវិស័យនៃផែនការមេនេះ គឺ បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្លឹក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ឆ្ពោះទៅរកការ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃ ប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្ត្រីក៏បាន គូសបញ្ជាក់ទៀតថា ការដឹកជញ្ជូនតាមផ្លូវគោកពិតជាមានសារៈសំខាន់ ហើយក្នុងនោះផ្លូវដែកក៏ជាមធ្យោបាយរួមចំណែកដ៏សំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឱ្យបានខ្លាំងក្លាផងដែរ។ ហេតុដូច្នេះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនាពេលនេះ គឺជាភាពជោគជ័យមួយសម្រាប់វិស័យផ្លូវដែកកម្ពុជា និងជាការចូលរួមអនុវត្តស្របតាម គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យវិស័យដឹកជញ្ជូនផ្លូវដែក និង ឡូជីស្លឹក ឱ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះដែរ លោក ប៉េង ពោធិ៍នា ក៏បានផ្តាំផ្ញើដល់គណៈកម្មការអន្តរក្រសួង ចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក និងក្រុមហ៊ុន រ៉ូយាល់ រេលវេ សូមបន្តសហការគ្នាឱ្យបានខ្លាំងក្លា ក្នុងការអនុវត្តការងារជំហាន បន្ទាប់ធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជា ដៃគូរវាងរដ្ឋ និងឯកជន ថ្មី និងព្យាយាមស្វែងរកដៃគូយុទ្ធសាស្ត្រដែលមានចំណេះជំនាញ និង បទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕