(ព្រះវិហារ)៖ ដំណាំល្ង គឺជាដំណាំកសិផលមួយប្រភេទ ដែលប្រជាកសិករខ្មែរនិយមដាំដុះ ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍ដល់សុខភាពមនុស្ស និងសត្វ ក្នុងនោះមានដូចជា ប្រូតេអីន ជាតិដែក កាល់ស្យូម កាបូនអ៊ីដ្រាត និងវីតាមីន B1 ជាដើម។ លើសពីនេះ ល្ង ជាដំណាំដែលសម្បូរទៅដោយប្រេង (៥០%) ដែលគេអាចយកទៅចម្រាញ់ជាប្រេងឆា និងជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗទៀត។
ទោះបីជាដំណាំល្ងមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះក៏ដោយ តែការដាំដុះល្ងតាមបែបប្រពៃណីរបស់កសិករនាពេលបច្ចុប្បន្ននៅមានកម្រិត ដោយសារតែបញ្ហាប្រឈមមួយចំនួន ដូចជា គុណភាពដីកាន់តែចុះថយ ការបំផ្លាញពីសត្វល្អិត និងជំងឺរាតត្បាត កង្វះខាតបច្ចេកទេសដាំដុះ ដែលនាំឱ្យថ្លៃដើមផលិតកម្មខ្ពស់ និងទិន្នផលទាប លើសពីនេះទីផ្សារសម្រាប់ដំណាំល្ងនៅមានកម្រិត។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់ជីវភាពកសិករសហគមន៍ មន្ត្រីជំនាញកសិកម្ម និងអង្គការដៃគូកំពុងជំរុញការដាំដុះល្ងតាមបែបសរីរាង្គ និងកសិអេកូឡូស៊ី។ ការដាំដុះតាមវិធីនេះ
មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនទិន្នផល និងគុណភាពល្ងផងដែរ។
ក្រៅពីនេះ ការផ្សារភ្ជាប់ទីផ្សារសម្រាប់ផលិតផលល្ងសរីរាង្គក៏ជាផ្នែកសំខាន់មួយក្នងការលើកកម្ពស់តម្លៃល្ង និងធានាបាននូវប្រាក់ចំណូលសមរម្យសម្រាប់កសិករ ជាក់ស្ដែងប្រជាកសិកររបស់សហគមន៍កសិកម្មពុទសាមគ្គីវឌ្ឍនៈមានជ័យ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានចូលជាមួយគម្រោង “ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ល្ងសរីរាង្គក្នងខេត្តព្រះវិហារ ដោយរួមបញ្ចូលនូវការអនុវត្តកសិអេកូឡូស៊ី និងការភ្ជាប់ផលិតផលទៅទីផ្សារ ដែលអនុវត្តដោយអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន សហការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។
គម្រោងនេះទទួលបានការគាំទ្រថវិកាពីកញ្ចប់ជំនួយខ្នាតតូចរបស់បណ្តាញកសិអេកូឡស៊ីនៅកម្ពុជា (ALiSEA) ដែលបានជួយកសាងសមត្ថភាពលើផ្នែកបច្ចេកទេសដាំដុះលូសរីរាង្គ/កសិអេកូឡូស៊ី តាមរយៈការបង្រៀនផ្ទាល់ ការធ្វើទស្សនកិច្ចសិក្សា ការធ្វើស្រែបង្ហាញជាក់ស្ដែងជាដើម។ ក្រៅពីការជួយពង្រឹងផ្នែកផលិតកម្មនេះ គម្រោងក៏បានជួយភ្ជាប់កសិផលរបស់ប្រជាកសិករទៅទីផ្សារថែមទៀត លៃយ៉ាងណាជួយពួកគាត់ឱ្យបង្កើនផលិតភាពប្រសើរឡើង និងទទួលបានប្រាក់ចំណូលសមរម្យ៕