(ភ្នំពេញ)៖ បឹងទន្លេសាប ជាបឹងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប ផ្គត់ផ្គង់ធនធានទឹក និងជាជម្រកពងកូនដ៏សំខាន់នៃជីវៈចម្រុះគ្រប់ប្រភេទ និងជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ប្រវត្តិសាស្រ្តដែលកំណត់ពីអត្តសញ្ញាណជាតិ សម្រាប់ប្រទេសកម្ពុជាផងដែរ។
ដោយមើលឃើញពីសារៈសំខាន់ នៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថានចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែផ្តល់អនុសាសន៍ និងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាប ឲ្យបានល្អប្រសើរ និងត្រឹមត្រូវ ជាពិសេសការពារព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនដ៏សំខាន់ និងការពារការគោករាក់នៃបឹងទន្លេសាប។
ដើម្បីឆ្លើយតបទៅនិងការកាប់ទន្ទ្រានយកដីអត់ឈប់ឈរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធជូនអាជ្ញាធរទន្លេសាប តាមរយៈលិខិតលេខ ១៨៨ ស ជ ណ ដ ប ចុះថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ការពារដែនព្រៃលិចទឹកនៅតាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប ។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ដើម្បីពិនិត្យ និងពិភាក្សាធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ និងរៀបចំគម្រោង ផែនការការងារ សម្រាប់ចុះបោះបង្គោលព្រំតំបន់៣ នៅខេត្តទាំង៦ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ក្រោយពីបញ្ចប់កិច្ចប្រជុំ អន្តរក្រសួងបានឯកភាពលើផែនទីតំបន់៣ ក្រុមបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយអាជ្ញាធរដែនដី មន្ទីរធនធានទឹកឧតុនិយមខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានចុះធ្វើការកំណត់និយាមកាបោះ បង្គោលនៅខេត្តទាំង៦ជុំវិញបឹងទន្លេសាប ដែលមានបង្គោលសរុបចំនួន១២២៤ បង្គោលក្នុងនោះ៖
*ទី១៖ ខេត្តពោធិ៍សាត់ មានបង្គោលសរុបចំនួន ១៤៦បង្គោល
*ទី២៖ ខេត្តបាត់ដំបង មានបង្គោលសរុបចំនួន ១៧១បង្គោល
*ទី៣៖ ខេត្តបន្ទាយមានជ័យ មានបង្គោលសរុបចំនួន ៤៧បង្គោល
*ទី៤៖ ខេត្តសៀមរាប មានបង្គោលសរុបចំនួន ២៩៩បង្គោល
*ទី៥៖ ខេត្តកំពង់ឆ្នាំង មានបង្គោលសរុបចំនួន ២១៥បង្គោល
*ទី៦៖ ខេត្តកំពង់ធំ មានបង្គោលសរុបចំនួន ៣៤៦បង្គោល។
ទន្ទឹមជាមួយការបោះបង្គោលនេះដែរ មន្រ្តីអាជ្ញាធរបឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធក៏ជួបប្រទះជាមួយ និងបញ្ហាប្រឈមដូចជា នៅរដូវប្រាំងមានសភាពក្តៅខ្លាំង ពិបាកក្នុងការចុះធ្វើនិយាមកាកំណត់ទីតាំង និងមួយវិញទៀតសម្រាប់ ក្រុមជាងធ្វើបង្គោល ពិបាកក្នុងការដឹកជញ្ជូនសម្ភារៈ ជាពិសេសកង្វះទឹកប្រើប្រាស់ក្នុងការសាងសង់ ជាងនេះទៅទៀតសម្រាប់រដូវវស្សាវិញ មានភ្លៀងធ្លាក់ជោគជាំ រដូវទឹកតំឡើងលឿន និងមានការបង្កបង្កើនផលស្រូវរបស់ ប្រជាកសិកររួមជាមួយផ្លូវចូលឆ្ងាយទៅកាន់ផ្លូវព្រំតំបន់៣ ដែលជាហេតុធ្វើឱ្យការសាង់សង់បង្គោលមានសន្ទុះយឺត តាមបណ្តាតំបន់មួយចំនួននៃខេត្តទាំង៦ជុំវិញបឹងទន្លេសាប។
សូមជម្រាបជូនផងដែរថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាន់ពេលវេលាលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារមន្រ្តីបច្ចេកទេស ដើម្បីរៀបចំផែនការការងារចុះបោះបង្គោលឱ្យបានរួចរាល់ត្រឹមខែកញ្ញា ឆ្នាំ២០២៤ ។
ដូចអ្វីដែលបានរំពឹងទុក ក្រុមការងារបានយកចិត្តទុកដាក់អនុវត្តការងារតាមជំហ៊ានទាំងថ្ងៃ ទាំងយប់ពេលខ្លះ ទោះមានឧបសគ្គច្រើនយ៉ាងណា ក៏ក្រុមការងារខិតខំបំពេញ និងដោះស្រាយ សម្របសម្រួលរហូតឈានដល់សម្រេច បានជោគជ័យ១០០% និងត្រៀមអនុវត្តន៍ការងារបន្ត សម្រាប់ការងារបោះបង្គោលជំហ៊ាន២ តំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ដែលស្ថិតនៅក្នុងតំបន់៣ ក្នុងឆ្នាំ ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កិច្ចការងារនេះខ្ញុំសូមអរគុណ និងកោតសរសើរចំពោះឯកឧត្តម សាយ សំអាល់ ដែលដឹកនាំក្រុមការងារចម្រុះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប អាជ្ញាធររដ្ឋបាល អាជ្ញាធរខេត្ត ទាំង៦ជាប់បឹងទន្លេសាប មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលរួមគ្នាបោះបង្គោល ហើយខ្ញុំសូមប្រាប់ ថ្ងៃមុនឯកឧត្តម សាយ សំអាល់ បានមករាយការណ៍ហើយ គឺយើងបាន បញ្ចប់ការបោះបង្គោល ហីខ្ញុំប្រាប់ហើយគឺគ្មានការកំណត់ឬកែសម្រួលព្រំដីទៀតទេ យើងធ្លាប់កែពីព្រំ តំបន់៣មកតំបន់១តំបន់៣មកតំបន់២ ហីថ្មីនេះយើងកែបានរាប់ម៉ឺនហិកតាទៀត ដើម្បីអោយប្រជាជនមានសិទ្ធពីតំបន់៣ មកតំបន់២ យើងកែសឹងតែទាំងអស់ទៅហើយ ចឹងនៅមានការស្នើរសុំចង់កែតំបន់២ តំបន់៣ធ្វើអីទៀតគឺអត់ទេ ត្រូវការពារសម្រាប់ប្រជាជន១៧លាននាក់ គឺមិនមានការប្រែតំបន់៣មកតំបន់២ទៀតទេ គឺត្រូវថែរក្សាឲ្យបាន»។
បន្ទាប់ពីបញ្ចប់ការងារសាងសង់បង្គោលព្រំតំបន់៣ថ្មីៗនេះ លោក ថោ ជេដ្ឋា បានដឹកនាំប្រតិភូអន្តរក្រសួង ដែលជាសមាជិករបស់អាជ្ញាធរទន្លេសាប ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២៣ និងខេត្តទាំង ៨ ជុំវិញតំបន់ទន្លេសាប បានចុះពិនិត្យជាក់ស្តែងនៅទីតាំងបង្គោលដែលបានសាងសងរួចនៅតំបន់បឹងទន្លេសាប។
បន្ថែមលើសពីនេះទៅទៀត ការសាងសង់ព្រំបង្គោលតំបន់៣ មានការសាទរយ៉ាងខ្លាំងពីសំណាក់អាជ្ញាធដែនដី និងប្រជាពលរដ្ឋ ព្រោះការបោះបង្គោលព្រំនេះអាចឱ្យពួកគាត់បានយល់ដឹងបន្ថែមអំពីក្រឹត្យក្រមនៃច្បាប់ បទដ្ឋានគតិយុត្តដែលបានកំណត់ និងមួយវិញទៀតអាចថែរក្សា ព្រៃលិចទឹក និងការពារជីវៈចម្រុះគ្រប់ប្រភេទ ដែលមានស្រាប់ នៅក្នុងបឹងទន្លេសាប។
សូមបញ្ជាក់ថា បង្គោលដែលអាជ្ញាធរទន្លេសាបបានបោះនេះ មានរាងជាបង្គោលសាជី កំពស់៨ម៉ែត្រពីដី និងមានចំង៉ាយ ប្រមាណ ៥០០ម៉ែត្រពីបង្គោលមួយទៅបង្គោលមួយ ដែលមានអត្ថប្រយោជន៍ច្រើន មិនមែនសម្រាប់តែ សម្គាល់ព្រំតំបន់៣នោះទេ ទៅថ្ងៃខាងមុខយើងអាច បំពាក់ក្តារម៉ែត្រវាស់កំពស់ទឹក បំពាក់កាំមេរ៉ាតាមដានបទល្មើសផ្សេងៗ ពិសេសអាចបំពាក់ឧបករណ៍បញ្ជូនសញ្ញាភ្លើងឆេះព្រៃថែមទៀតផង៕