(ភ្នំពេញ)៖ លោក ធន សារាយ ប្រធានអង្គការអាដហុក ពុំបានចូលបំភ្លឺជូនសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីសូកប៉ាន់សាក្សី តាមការកំណត់ទេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់ពី មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ។
លោក ធន សារាយ កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កោះហៅទៅសាកសួរក្នុងនាមជាសាក្សី ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ លោកត្រូវចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកនេះ នៅបន្ទប់ «ស» ជាន់ទី៥។ ប៉ុន្តែរហូតដល់ពេលនេះ មន្រ្តីតុលាការ អ្នកកាសែត និងអ្នកសង្កេតការ មិនទាន់ឃើញ លោក ធន សារាយ ចូលខ្លួននៅឡើយទេ។
ជុំវិញករណីនេះ Fresh News មិនអាចទាក់ទង លោក ធន សារាយ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។ ប៉ុន្តែបើតាមការបញ្ជាក់ពី លោក ឡាត់ គី ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីរបស់អាដហុក បានឱ្យដឹងថា លោក ធន សារាយពេលនេះ កំពុងបំពេញការងារនៅក្រៅប្រទេសនៅឡើយ។
លោកបានបន្ថែមថា លោកទទួលដំណឹងថា លោក ធន សារាយ បានដាក់ពាក្យពន្យារពេលចូលបំភ្លឺនេះតាមរយៈមេធាវីរបស់លោក ក៏ប៉ុន្តែមន្រ្តីអាដហុករូបនេះ មិនបានបញ្ជាក់មេធាវីរូបនោះឈ្មោះអ្វីនោះទេ។
កាលពីចុងខែមេសា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៦នាក់ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីនេះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនោះមានមន្រ្តីសមាគមអាដហុកចំនួន៤នាក់ មន្រ្តីគ.ជ.បម្នាក់ និងមេឃុំម្នាក់ផងដែរ។
តុលាការបានចោទប្រកាន់ អ្នកទាំងនោះថា បានសមគំនិត និងព្យាយាមសូកប៉ាន់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ចអំពីរឿងអាស្រូវផ្លូវភេទ រវាងនាងជាមួយនឹង លោក កឹម សុខា ដែលកើតចេញពីការធ្វើសញ្ចារកម្ម កន្លងមក៕