(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជានេសាទមានមុខរបរប្រកបការនេសាទតូចតាច និងប្រជានេសាទជាលក្ខណៈគ្រួសារ សាទរយ៉ាងក្រៃលែងចំពោះអាជ្ញាធរនិងកងកម្លាំងកងយុទ្ធពលខេមរភូមិន្ទ មកពីតាមបណ្ដាអង្គភាពជាច្រើន បើកយុទ្ធនាការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទទ្រង់ទ្រាយធំក្នុងបឹងទន្លេសាប ពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងការចុះរុះរើនូវឧបករណ៍នេសាទល្មើសច្បាប់ជារៀងរាល់ថ្ងៃ។

ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមកដោយប្រើប្រាស់កម្លាំងកងទ័ពជើងគោក ដែលដឹកនាំលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងទ័ពជើងគោក គឺពិតជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នេះក៏ជាការអនុវត្តដ៏ត្រឹមត្រូវក្រោមការដឹកនាំប្រកបដោយការគិតគូរ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធានាដល់ការរស់នៅប្រកបដោយ ភាពសម្បូរសប្បាយតទៅអនាគតសម្រាប់ប្រជាពលរដ្ឋទាំង១៧លាននាក់ដែលត្រូវទទួលផលពីបឹងទន្លេសាប។

ជួបជាមួយប្រជានេសាទតូចតាចដាក់មង ចងសន្ទូច ជាលក្ខណៈគ្រួសារនៅចំណុច ឃុំប្រល័យមាស ស្រុកកំពង់លែង ពួកគាត់បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ប្រកបទៅដោយស្នាមញញឹមដែល ចេញពីចិត្តពិតៗរបស់ពួកគាត់ឱ្យដឹងថា កន្លងមកការនេសាទដាក់មងចងសន្ទូចដូចពួកគាត់ គឺអាចរកត្រីបានត្រឹមតែផ្គត់ផ្គង់ជីវភាពគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ។

តែក្រោយពីមានការចុះប្រតិបត្តិការបង្ក្រាបនូវឧបករណ៍នេសាទល្មើសច្បាប់ទ្រង់ទ្រាយធំពីកងកម្លាំង កងទ័ពជើងគោកជារៀងរាល់ថ្ងៃ ធ្វើឱ្យពួកគាត់អាចរាយមង ចងសន្ទូច ទទួលផលនេសាទបានរហូតដល់ទ្វេរដង នឹងអាចបានយកទៅលក់បានប្រាក់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផង។

ពួកគាត់បានឱ្យដឹងទៀតថា មួយរយៈនេះការរាយមងចងសន្ទូច គឺទទួលបានផលខុសប្លែកពីឆ្នាំមុនៗ ចំណែកប្រភេទត្រីវិញ គឺអាចត្រូវត្រីគ្រប់ប្រភេទទៅតាមក្រឡាមងតូចធំ ដែលកន្លងមកពួកគាត់ធ្លាប់ដាក់មងក្រឡា៣ហ៊ុនកន្លះ ត្រូវតែត្រីរៀលតូចៗសម្រាប់យកធ្វើម្ហូប តែពេលនេះត្រីចាប់ផ្ដើមសម្បូរឡើងវិញ ពួកគាត់ក៏បានចាប់ផ្ដើមរាយ មងក្រឡា៥ហ៊ុន ដើម្បីយកត្រីល្អៗតូចធំចម្រុះ និងបានយកទៅលក់ ដែលអាចទទួលបានប្រាក់ក្នុងមួយថ្ងៃពី១០ ទៅ២០ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពគ្រួសារដែលកន្លងមកពុំធ្លាប់រកបានប្រាក់ចំនួននេះដូចបច្ចុប្បន្ននេះឡើយ។

ពួកគាត់បានបញ្ជាក់ថា ឧបករណ៍ល្មើសច្បាប់ដែលបានបំផ្លិចបំផ្លាញមច្ឆាជាតិនៅក្នុងបឹងទន្លេសាប គឺការប្រើឧបករណ៍របាំងស្បៃមុង ការឆក់គ្រប់ប្រភេទ ការដាក់របាំងសាច់អួនក្រឡាញឹក ដែលមានប្រវែងវែងៗ ការដាក់សម្រាស់មានទំហំធំៗលើសពីច្បាប់កំណត់ ការអូសឧបករណ៍ជន អួន ប្រើដោយកម្លាំងម៉ាស៊ីន ដែលឧបករណ៍ទាំងអស់នេះវាបានបំផ្លិវចបំផ្លាញពូជមច្ឆាជាតិទាំងតូចទាំងធំក្នុងបឹងទន្លេសាបយ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះដែរ ពួកគាត់ក៏សុំសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាទប់ស្កាត់ឲ្យបានជារៀងរហូតនូវការប្រើឧបករណ៍នេសាទល្មើសច្បាប់ដូចដែលបានរៀបរាប់ខាងលើនេះ នោះពូជមច្ឆាជាតិក្នុងបឹងទន្លេសាប និងសម្បូរឡើងវិញជាក់ជាមិនខានឡើយ។

ចំណែកប្រជានេសាទរកស៊ីជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូច នឹងមានឱកាសក្នុងការនេសាទបានយ៉ាងងាយស្រួល ដោយមិនបារម្ភខ្លាចការអូសជន ឬអួន បណ្ដាលឱ្យដាច់មង សន្ទូចរបស់ពួកគាត់ ម្យ៉ាងពួកគាត់នឹងឈប់បារម្ភអំពីការប្រមាថមើលងាយ និងរករឿងពីម្ចាស់របាំង ឬម្ចាស់សម្រាស់មួយចំនួនដែលតែងរករឿងពួកគាត់នៅពេលដែលយកមង សន្ទូច ទៅដាក់ក្បែរឧបករណ៍របស់ពួកគេ៕