(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចូលរួមរាប់បាត្រព្រះសង្ឃចំនួន២០៨អង្គ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ដើម្បីឆ្លងកម្មវិធីបុណ្យមាឃបូជា ដែលជាបុណ្យសាសនាដ៍ធំមួយ ដែលប្រជាពុទ្ធបរិស័ទអ្នកាន់ព្រះពុទ្ធសាសនា តែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃ១៥កើត ខែមាឃ។
ពិធីរាប់បាត្រព្រះសង្ឃចំនួន២០៨អង្គ នៅវត្តប្រាសាទរាជសំរោង ដើម្បីឆ្លងបុណ្យមាឃបូជានាពេលនេះ គឺស្ថិតក្រោមវត្តមានលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរួមពីលោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃម្សិលមុិញ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង១២០០នាក់ និងបានដង្ហែយ៉ាងគគ្រឹកគគ្រេងជុំវិញក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនៅព្រឹកនេះយើងបានរៀបចំពិធីឆ្លងបុណ្យមាឃបូជា ដោយបានរាប់បាត្រព្រះសង្ឃចំនួន២០៨អង្គផងដែរ។
បើតាមលោក ឆឹម តឿ ថ្លែងឱ្យដឹងថា ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗ៣យ៉ាងគឺ៖ទី១.សំដៅដល់ថ្ងៃដែលព្រះពុទ្ធបរមគ្រូទ្រង់ធ្វើចត្តុរង្គសន្និបាត ទី២.សំដៅដល់ថ្ងៃដែលព្រះពុទ្ធបរមគ្រូទ្រង់សម្តែងឱវាទបាតិមោក្ខ និងទី៣.ដំដៅដល់ថ្ងៃដែលទ្រង់ដាក់អាយុសង្ខារ។
លោក ឆឹម តឿ បានថ្លែងបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន៖ ទី១-ការធ្វើចតុរង្គសន្និបាត ទី២-ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣-ព្រះពុទ្ធដាក់អាយុសង្ខារ។
ចតុរង្គសន្និបាតមានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង គឺទី១-ជាថ្ងៃឧបោសថដែលមានព្រះច័ន្ទពេញវង់ល្អ ទី២-ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣-ភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និងទី៤-ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។
រីឯការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ ដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។
ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ៕