(ពោធិ៍សាត់)៖ ពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយព្យ មានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានស្រុកចំនួន៦ និងក្រុងចំនួន១ រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកវាលវែង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ ត្រូវបានគេចាត់ទុកថាជាខេត្តមួយ ដែលសម្បូរស្តុកស្តម្ភទៅដោយធនធានធម្មជាតិ មានដូចជា៖ ព្រៃឈើ ភ្នំថ្មកែវ ទឹកធ្លាក់ ល្បាក់ទឹកជ្រោះ ព្រៃក្រវាញ និងនៅជាប់ផ្ទៃទឹកបឹងទន្លេសាប ដែលជាកន្លែងសម្បូរទៅដោយធនធានមច្ឆាជាតិ ទេសភាព និងជីវចម្រុះគ្រប់ប្រភេទ។
តាមរយៈធនធានធម្មជាតិទាំងអស់នេះហើយ បានធ្វើឱ្យអ្នកទេសចរជាច្រើន ចាប់អារម្មណ៍លើការទៅកម្សាន្ត នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្នុងនេះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីបម្រើការកម្សាន្តសប្បាយរបស់ភ្ញៀវទេសចរបន្ថែមទៀត។ ដោយក្នុងនោះ «កោះសំពៅមាស» ក៏ត្រូវបានកែប្រែជា «បុរីវប្បធម៌កោះសំពៅមាស» ដោយមានទីធ្លាលំហែ ហាត់ប្រាណដ៏សែនមនោរម្យ ពិសេសក្លាយជាទីកន្លែងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗផងដែរ។
ប្រភពពីមន្ត្រីជើងចាស់ នៃមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា «កោះសំពៅមាស» គឺជាកោះមួយ ដែលផុសអណ្តែតខ្លួនឡើង នៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ ស្ថិតនៅចន្លោះមុខសាលាខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកសំពៅមាស មានចម្ងាយពីគល់ស្ពានថ្ម តាមផ្លូវលេខ១០១ ប្រមាណ១គីឡូម៉ែត្រ។ កោះសំពៅមាស ត្រូវបានកែប្រែសោភណ្ឌភាពឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នលោកគឺព្រឹទ្ធាចារ្យ និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់។ ក្រោយការរៀបចំកែលម្អជាបន្តបន្ទាប់ កោះសំពៅមាស ត្រូវបានគេប្រសិទ្ធនាមថា «បុរីវប្បធម៌កោះសំពៅមាស» ព្រោះដើម្បីផ្តល់ជាតម្លៃ ដល់ខាងសិល្បៈវប្បធម៌ខ្មែរ។
ប្រភពបានបន្តថា ឈ្មោះ «កោះសំពៅមាស» គឺកើតឡើងពីការតំណាលតៗគ្នាមកថា អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿង បានបើកមកគឿងជាប់គាំងនៅទីនោះ និងមិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំង ហើយក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើង ទើបអ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស» តែម្តង។ កោះសំពៅមាស ត្រូវបានបើកការដ្ឋានសាងសង់ ចាប់ពីឆ្នាំ២០០៧មក មានទាំងការស្ថាបនាស្ពាន ចាក់គ្រឹះប៉េតុងកោះ ស្តូប វេទិកា រួមទាំងសមិទ្ធផលជាច្រើនទៀត និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩កន្លងទៅ។
មកទល់សព្វថ្ងៃនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមការងារគ្រប់ជំនាន់ ពិសេសបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោក ស៊ុយ សែម និងលោកស្រី ជា ខេង ស៊ុយសែម បានជួសជុល លាបលន និងរៀបចំកោះសំពៅមាសនេះបន្ថែមទៀត ឱ្យមានសួនច្បារស្រស់ស្អាត ផ្លាស់ប្តូរពីការ៉ូឡា ទៅការ៉ូម៉ាមក្រានីត មានទីធ្លាធំទូលាយ មានភ្លើងព័ណ៌ស្រស់បំព្រង រំលេចទៅដោយសមិទ្ធផលថ្មីៗ ជាច្រើនហូរហែរ ក្រោមម្លប់សន្តិភាព «អរគុណសន្តិភាព»។
បច្ចុប្បន្នកោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយម ពីគ្រប់ស្រទាប់មហាជន និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរក្មេងចាស់ប្រុសស្រី មកពីទីជិតទីឆ្ងាយ មិនអាចមើលរំលងបាននោះទេ ពោលគឺនៅបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះ គេតែងបានចូលទស្សនា ក៏ដូចជាចូលអុជធូបបន់ស្រន់ បារមីព្រះអង្គចៅសែន ចុងកោះ ទៅតាមជំនឿរៀងៗខ្លួន។
ដោយសារតែ «កោះសំពៅមាស» មានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងនោះ និងម្យ៉ាងដោយសារ កន្លែងនេះ ជាទីដែលមានប្រវត្តិព្រេងនិទាន មិនអាចបំភ្លេចបានថែមទៀតនោះ ទើបពីមួយថ្ងៃទៅមួយថ្ងៃមិនថាថ្ងៃចុងសប្តាហ៍ ឬបុណ្យជាតិធំៗនោះទេ គឺ «បុរីវប្បធម៌កោះសំពៅមាស» តែងតែមានអ្នកទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់ មកលេងកម្សាន្ត ហ៊ុំព័ទ្ធដោយផ្ទៃទឹក និងភ្លើងពណ៌ចម្រុះគ្រប់ប្រភេទ៕