(បាត់ដំបង)៖ លោកស្រី ម៉េត រ៉ាវីចិត្រ ប្រធានកិត្តិយសសមាគមកាយឬទ្ធីនារីកម្ពុជាសាខាខេត្តបាត់ដំបង និងជាភរិយា លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចូលរួមពិធីបុណ្យមាឃបូជា នៅវត្តកច្ឆបបព៌ត «ភ្នំអណ្តើក» ដែលមានអ្នកចូលរួមចំនួន៤០រូប ព្រមទាំងសមាជិកាគាំទ្រចំនួន៨រូបចូលរួមសណ្ដាប់នូវធម៌ទេសនាស្ដីអំពីប្រវត្តិនៃបុណ្យមាឃបូជា និងវេរដង្វាយ៣២មុខថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ ស្ថិតនៅភូមិ ក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះដែរមានការចូលរួមពីភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជនកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង និងលោកតា លោកយាយ ប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន៖ ទី១-ការធ្វើចតុរង្គសន្និបាត ទី២-ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣-ព្រះពុទ្ធដាក់អាយុសង្ខារ។

ចតុរង្គសន្និបាតមានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង គឺទី១-ជាថ្ងៃឧបោសថដែលមានព្រះច័ន្ទពេញវង់ល្អ ទី២-ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣-ភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និងទី៤-ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។

រីឯការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ ដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។

ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ។

បើតាមលោកតាអាចារ្យវត្តប្រាសាទនគរបាជ័យ បានឲ្យដឹងថ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ពិធីបុណ្យមាឃបូជានេះ គឺធ្វើឲ្យពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារសំខាន់នៃថ្ងៃមាឃបូជានេះ និងយល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើងក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះផង និងបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនាឲ្យស្ថិតស្ថិរចីរកាលយូរអង្វែងផង៕