(ភ្នំពេញ)៖ ASEAN-UK SAGE គឺជាកម្មវិធីអប់រំដ៏ល្បីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាំទ្រដល់ក្មេងស្រី និងសហគមន៍ដែលខ្វះខាតក្នុងការទទួលបានការអប់រំ និងកែលម្អការរៀនសូត្រជាមូលដ្ឋាន។

ក្នុងទិវាអន្តរជាតិនៃស្ត្រី និងកុមារីផ្នែកវិទ្យាសាស្ត្រ ចក្រភពអង់គ្លេស សហការជាមួយលេខាធិការដ្ឋានអាស៊ាន បានបើក ទទួលពាក្យកម្មវិធីអាហារូបករណ៍ស្ត្រីនៅក្នុងវិស័យ STEM ឆ្នាំទី២ ក្រោមកម្មវិធី អាស៊ាន-ចក្រភពអង់គ្លេស គាំទ្រដល់វឌ្ឍនភាពនៃការអប់រំរបស់ក្មេងស្រី (ASEAN-UK SAGE)។ គំនិតផ្តួចផ្តើមនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភព អង់គ្លេសក្នុងការផ្តល់អំណាចដល់ស្ត្រីនៅអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ដើម្បីជម្នះឧបសគ្គក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលអនុញ្ញាតឱ្យស្ត្រីកាន់តែច្រើនក្នុងការដឹកនាំក្នុងវិស័យទាំងនេះ។

កម្មវិធីអាហារូបករណ៍ដែលទទួលបានមូលនិធិពេញលេញនេះ ផ្តល់ជូនស្រ្តីពិសេសចំនួន ១១ នាក់ មកពីប្រទេសសមាជិកអា ស៊ានចំនួន ១០ (AMS) និងទីម័រខាងកើតនូវឱកាសដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខគេ ចំនួនពីររបស់ចក្រភពអង់គ្លេស៖ សាកលវិទ្យាល័យ Warwick និងសាកលវិទ្យាល័យ Manchester។

នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន មានរូបភាពចម្រុះនៃសមភាពយេនឌ័រក្នុងការទទួលបាន និងការអនុវត្តក្នុងមុខវិជ្ជា STEM។ ទោះបីជាក្មេងប្រុសពូកែខាងគណិតវិទ្យា និងវិទ្យាសាស្ត្រក្នុងការរអប់រំបឋមសិក្សា និងមធ្យមសិក្សាក៏ដោយ ប៉ុន្តែ ស្ត្រីនៅតែមានតំណាងតិចតួចនៅក្នុងវិស័យ STEM ក្នុងការអប់រំកម្រិតឧត្តមសម្រាប់ស្ត្រីតែ ១៩.៣% បើប្រៀបធៀបទៅ នឹងបុរស ៣៩.៨% ទទួលបានសញ្ញាបត្រផ្នែក STEM ។ និស្សិតថ្នាក់បណ្ឌិតស្ត្រី គឺនៅមានចំនួនតិចតួច។

យោងតាមអង្គការយូណេស្កូ ស្ត្រីមានចំនួនតិចតួចក្នុងចំណោមអ្នកស្រាវជ្រាវរបស់ពិភពលោក។ ក្នុងឆ្នាំ ២០១៩ អ្នកស្រាវជ្រាវតិចជាង ៣០% នៅទូទាំងពិភពលោក គឺជាស្ត្រី ហើយមានតែ ៣០% នៃនិស្សិតស្រីប៉ុណ្ណោះដែលជ្រើសរើសមុខជំនាញដែលទាក់ទង នឹង STEM នៅក្នុងឧត្តមសិក្សា។ ដោយឡែក សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អ្នកស្រាវជ្រាវស្ត្រីមានចំនួនតែ ២៥% ប៉ុណ្ណោះ។

ភាពខុសគ្នានេះបន្តចូលទៅក្នុងវិស័យការងារ ដោយរបាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ ស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ៥ សមភាពយេនឌ័រ បង្ហាញថាមានតែ ២០% នៃការងារនៅក្នុងវិស័យSTEM ត្រូវបានកាន់កាប់ដោយស្ត្រីទូទាំងពិភពលោក ហើយមានតែស្ត្រី ១៦.៥% ប៉ុណ្ណោះដែលជាអ្នកបង្កើតដែលត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងប៉ាតង់។

កម្មវិធី ASEAN-UK SAGE ដោះស្រាយបញ្ហារនាំងយេនឌ័រចំពោះជំនាញឌីជីថលជាមូលដ្ឋានសម្រាប់ការងារ ក្នុងគោល បំណងគាំទ្រដល់ការអភិវឌ្ឍជំនាញឌីជីថលជាមូលដ្ឋាន សម្រាប់ក្រុមដែលខ្វះខាត ដើម្បីបង្កើនឱកាសការងារ និងគុណភាព ជីវិត ដែលជួយបង្រួមគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។ ASEAN-UK SAGE Women in STEM Scholarships គាំទ្រដល់គោលដៅនេះ ដោយផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ស្ត្រីដែលជួបការលំបាកមកពីបណ្តាប្រទេសអាស៊ាន និងទីម័រខាងកើត ដើម្បីទទួលបាននូវការអប់រំនៅចក្រភពអង់គ្លេស ក្នុងវិស័យសំខាន់ៗទាក់ទងនឹង STEM ។

នៅឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃអាហារូបករណ៍ ASEAN-UK SAGE ស្ត្រី ១២ នាក់មកពីប្រទេសចំនួន ៩ (កម្ពុជា ឥណ្ឌូ នេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត) បានទៅចក្រភពអង់គ្លេស ដើម្បីសិក្សាមុខវិជ្ជា STEM ជាច្រើនមានចាប់ពី Environmental Data Science and Machine Learning រហូតដល់ Engineering Business Management នៅកម្រិតអនុបណ្ឌិតនៅ Imperial College London និង University of Warwick ។ ពួកគេ នឹងត្រលប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សា នៅចក្រភពអង់គ្លេស។

អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានថ្លែងថា «កម្លាំងការងាររបស់អាស៊ានគឺទូលំទូលាយណាស់ ហើយវាជាការចាំបាច់ក្នុងការទាញយកសក្តានុពលពេញលេញនៃមនុស្សជាតិ ដោយការលើកទឹកចិត្តទាំងកុមារី និងក្មេងប្រុស បុរស និងស្ត្រីឱ្យបន្តការសិក្សា និងពូកែក្នុងការអប់រំ STEM ដែលមានសារៈសំខាន់សម្រាប់ពិភពលោកនៃការងារនាពេលអនាគត។ តាមរយៈការធ្វើដូច្នេះ យើងធានាថាអាស៊ាននៅតែនាំមុខ គេនៃវឌ្ឍនភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យាសកល។ អាហារូបករណ៍នេះមកទាន់ពេល ខណៈដែលយើងនៅក្នុងអាស៊ានសម្លឹងឆ្ពោះទៅរកការបង្កើនការចូលរួមរបស់ស្ត្រីអាស៊ាន ក្នុងវិស័យ STEM ដោយពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការដាក់បញ្ចូលយេនឌ័រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការអនុលោមតាមអាទិភាពក្នុងតំបន់ និងពិភពលោក»

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលចក្រភពអង់គ្លេសកំពុងគាំទ្រស្ត្រីកម្ពុជាដ៏អស្ចារ្យ ដើម្បីសិក្សាមុខវិជ្ជា STEM នៅ សាកលវិទ្យាល័យលំដាប់ពិភពលោករបស់ចក្រភពអង់គ្លេស ដោយផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការជំរុញការច្នៃប្រឌិត និង ការលើកកម្ពស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ភស្តុតាងពីជុំវិញពិភពលោកបង្ហាញថា នៅពេលដែលស្ត្រីត្រូវបានដកចេញពីការអភិវឌ្ឍបច្ចេកវិទ្យា តម្រូវការផ្សេងៗគ្នារបស់ស្ត្រី មិនត្រូវបានគេយកមកពិចារណាក្នុងការរចនានៃដំណោះស្រាយថ្មីនោះទេ។ ការធានាឱ្យស្ត្រីកម្ពុ ជាកាន់តែច្រើនទទួលបានជំនាញ STEM ដ៏ទំនើបនឹងគាំទ្រដល់សមភាពកាន់តែច្រើន ទន្ទឹមនឹងនោះការកសាងជំនាញ ដែលកម្ពុជាត្រូវការ ដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍរបស់ខ្លួន»

សម្រាប់ព័ត៌មានបន្ថែមអំពី ASEAN-UK SAGE Women in STEM Scholarships សូមចូលទៅកាន់៖ https://www.britishcouncil.id/en/programmes/education/sage

សម្រាប់ព័ត៌មានបន្ថែមអំពី ASEAN-UK SAGE Women in STEM Scholarships សូមទាក់ទង៖
[email protected]/ Panisara. [email protected]