(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបេះដូង ដើម្បីសម្រួលដល់ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យកាន់តែមានផាសុខភាព និងប្រកបដោយប្រសិទ្ធភាព ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះ ក្រោមវត្តមានរបស់លោកស្រី ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធានតំបន់អាស៊ីនៃសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, លោក មួង ណារិន្ទ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូពេទ្យ ជាច្រើនចូលរួមផងដែរ។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានលើកឡើងថា មូលហេតុចំបងនៃការស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត បង្ហាញថា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង គឺជាមូលហេតុចំបងមួយនៃមូលហេតុស្លាប់នាំមុខទាំង១០ ក្នុងមន្ទីរពេទ្យ។ ថ្វីត្បិតែ មន្ទីរពេទ្យបច្ចុប្បន្ន មានវត្តមានវេជ្ជបណ្ឌិតឯកទេសបេះដួងចំនួន៤រូបក៏ដោយ ក៏សមត្ថភាព និងលទ្ធភាពនៃការផ្តល់សេវាឯកទេសនេះ នៅមានកម្រិតនៅឡើយ ពិសេស គឺមិនទាន់មានសេវា Cath Lab នៅក្នុងមន្ទីរពេទ្យ។

លោកបន្តថា រយៈពេលកន្លងមកនេះ អ្នកជំងឺដែលមានជំងឺស្លោកសាច់បេះដូង ដោយមូលហេតុ ស្ទះសរសៃឈាមបេះដូង តែងត្រូវគ្រូពេទ្យព្យាបាល ស្នើសុំបញ្ជូនទៅព្យាបាលបន្តជាបន្ទាន់នៅមន្ទីរពេទ្យថ្នាក់ជាតិ ដែលមានរយៈពេលបញ្ជូនយ៉ាងតិចបំផុត៤ម៉ោង ក៏មានករណីមួយចំនួនទៀត ត្រូវបញ្ជូនមិនទាន់ ឬគ្មានលទ្ធភាពក្នុងការទៅទទួលសេវានៅមន្ទីរពេទ្យជាតិទៀតផង។ ភាពយឺតយ៉ាវក្នុងការបញ្ជូន រយៈពេលនៃការបញ្ជូនវែង និងដោយសារកង្វះលទ្ធភាពក្នុងការចំណាយសម្រាប់ការព្យាបាល និងស្នាក់នៅមន្ទីរ ពេទ្យថ្នាក់ជាតិ បានធ្វើឱ្យអត្រាស្លាប់ និងអត្រាពិការភាពបណ្តាលមកពីជំងឺនេះ មានកម្រិតខ្ពស់បំផុត។

លោកបានបន្តថា ដោយមានកិច្ចទំនាក់ទំនងល្អ និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពរបស់ប្រធានមន្ទីរសុខាភិបាលខេត្ត គួបផ្សំនឹងទឹកចិត្តសប្បុរស ប្រកបដោយក្តីមេត្តាករុណារបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គម្រោងបង្កើតផ្នែកឯកទេសបេះដូង និងសរសៃឈាម បានសម្រេចនិងចេញជារូបរាងឡើង ដែលមានទឹកប្រាក់រហូតដល់ ២,១លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះប្រមាណ ៥០ភាគរយសម្រាប់ការចំណាយលើសំណង់។

លោកបានបន្ថែមថា សំណង់កម្ពស់២ជាន់ ដែលសង់ពីលើអគារនៃមជ្ឈមណ្ឌលផ្តល់ឈាម មានហេដ្ឋារចនាសម្ព័ន្ធខាងក្នុង សមស្របសម្រាប់សេវាឯកទេសបេះដូង និងសរសៃឈាម ដែលសមស្របទៅតាមស្តង់ ជាមន្ទីរពេទ្យបេះដូង។ ក្នុងអគារដែលនឹងសាងសង់ចាប់ពីពេលនេះ មានទីកន្លែង និងមានបន្ទប់គ្រប់គ្រាន់សម្រាប់មន្ត្រីផ្តល់សេវា មានបន្ទប់សម្រាប់ប្រតិបត្តិការសង្គ្រោះបញ្ហាស្ទះសរសៃឈាមបេះដូង (Cath lab), បន្ទប់ត្រៀមប្រតិបត្តិការដែលមានគ្រែចំនួន២, បន្ទប់សម្រាប់សេវាសង្គ្រោះបន្ទាន់ ឬប្រពោធនកម្មដែលមានគ្រែ៨, បន្ទប់សម្រាកពេទ្យធម្មតាដែលមានគ្រែសរុបចំនួន ២២ និងបន្ទប់ពិសេសចំនួន៤បន្ទប់ ប្រកបដោយផាសុខភាព និងបន្ទប់សម្រាប់សេវាគាំទ្រផ្សេងទៀត។

លោក បេនយ៉ាមីន អិម ហ្ស៊ី តៃ បានលើកដែរថា នេះដែលជាគម្រោងដែលលោកស្រឡាញ់ជាខ្លាំង ហើយលោកក៏ជាអតីតជាអ្នកជំងឺបេះដូងកាលេពីមុន និងទទួលបានការព្យាបាល ដោយការយកចិត្តទុកដាក់ពីអ្នកជំនាញ​។​ ប្រសិនបើមិនមានអ្នកព្យាបាល និងអ្នកជំនាញទាំងនោះទេ ខ្ញុំក៏គ្មានវត្តមាននៅទីនេះដែរនៅថ្ងៃនេះ។ ដូច្នេះ ឱកាសដែលសមាគមអាចផ្តល់ឲ្យនៅក្នុងគម្រោងនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់។ លោកបន្តថា ជំនួយដែលបានប្រមូលនៅក្នុងគម្រោងនេះ គឺបានមកពីសមាជិករបស់សមាគមនៅជុំវិញពិភពលោក ហើយពួកគាត់ក៏ចង់ចូលរួមជាមួយនឹងការងារមនុស្សធម៌ផងដែរ។

លោក ឌី រ៉ាដូ បានបញ្ជាក់ថា វិស័យសុខាភិបាលរបស់ខេត្ត ក៏ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំស្ទើរគ្រប់ទីកន្លែង គួបផ្សំជាមួយការផ្តល់សេវាសុខាភិបាលរបស់មន្ត្រីសុខាភិបាល ប្រកបដោយ ការទទួលខុសត្រូវ បានធ្វើឱ្យប្រជាជនយល់កាន់តែច្បាស់អំពីបញ្ហាសុខភាព។

ជាក់ស្តែង ការប្រារព្ធពិធីក្រុងពលី និងបើកការដ្ឋានសាងសង់អាគារមជ្ឈមណ្ឌលជំងឺបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះ នឹងក្លាយជាសមិទ្ធផលមួយថ្មី លើវិស័យសុខាភិបាលរបស់ខេត្ត នឹងជួយសម្រួល ដល់ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋកាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាពផងដែរ៕