(កំពង់ស្ពឺ)៖ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានទៅមើលជាក់ស្តែង និងណែនាំឱ្យរោងចក្រកែច្នៃស្វាយដែលជះក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ ត្រូវអនុវត្តវិធានការ កម្ចាត់ក្លិនស្អុយជាបន្ទាន់ និងការពារផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សជិតខាង និងបរិស្ថានតទៅទៀត។

សូមរំឭកថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្លិនស្អុយអាសោចរាប់ខែកន្លងមករង់ចាំមើលចំណាត់ការលើកទី២របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ជាពិសេសជំនាញបរិស្ថានដោយផ្ទាល់ ចំពោះរោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៉ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋនេះហើយ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈន់ ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ត្រីមូលដ្ឋាន បានចុះដល់ទីតាំងចក្រផ្ទាល់ និងបានដើរត្រួតពិនិត្យរកការពិតប្រភពទឹកស្អុយជុំវិញរោងចក្រក៏បានប្រទះឃើញមានការបង្ហូរទឹកកាកសំណល់ស្អុយចូលក្នុងប្រឡាយតាហោពិតប្រាកដមែន ។

លោក ឈុន ឈៀហេង បានឱ្យដឹងថា មន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកសំរោងទងបានចុះអន្តរាគមន៍បន្ទាន់ គ្រាដែលទទួលបានការណែនាំពីរដ្ឋបាលខេត្ត និងមន្ទីរសាមី លើរោងចក្រកែច្នៃផ្លែឈើយីហោ សាន់ផ្លាស អ៉ិនធើណាសិនណល ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយជះភាយខ្លាំងរំខានការរស់នៅ និងការសិក្សារបស់សិស្ស ហើយក៏បង្កជាទឹកកខ្វក់ដែលប៉ះពាល់ដល់មច្ឆជាតិ។

ប្រធានការិយាល័យគាំពារបរិស្ថានបានបន្ថែមថា ជំនាញបានរកឃើញថា ពិតជាមានការបង្ហូរកាកសំណល់មួយចំណែកពីរោងចក្រចូលទៅទីសាធារណៈ និងប្រឡាយមេតាហោពិតប្រាកដ។ ចំពោះមុខជំនាញបានណែនាំទៅ ដល់ម្ចាស់រោងចក្រខាងលើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ ហើយត្រូវបិទខ្ទប់មាត់លូឱ្យជិត ដើម្បីការពារការហៀរ ឬជ្រាបកាកសំណល់រាវទៅទីសាធារណៈបន្តទៀត។

ក្រុមហ៊ុនត្រូវរៀបចំបង្កើតឱ្យមានអាងស្តុកកាកសំណល់រាវឱ្យបានត្រឹម ដោយត្រូវដាក់ថ្នាំបំបាត់ក្លិនទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ។ ទន្ទឹមនេះ ក៏ត្រូវសិក្សាបន្ថែមដើម្បីឈានទៅបង្កើតជាអាងប្រព្រឹត្តកម្ម ដោយទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីបច្ចេកទេសជំនាញ។ ម្យ៉ាងទៀត ចំពោះអាជ្ញាភូមិឃុំត្រូវដើរតួជាសមត្ថកិច្ចតាមដានរាល់សកម្មភាពការបង្ហៀរនានា ដើម្បីធានាថាគ្មានផលប៉ះពាល់ថ្មីដល់ប្រជាពលរដ្ឋ និងបរិស្ថានទៀតទេ។

លោក ឈុន ឈៀហេង បានបញ្ជាក់ដែរថា រោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៉ីនធើណាសិនណល ធ្លាប់ត្រូវពិន័យអន្តរកាលម្តងរួចមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ កន្លងមក បន្ទាប់ពីរកឃើញការបង្ហូរ កាកសំណល់ដូចគ្នានេះទៅទីសាធារណៈ និងប្រឡាយមេតាហោ ហើយក្រោយមក រោងចក្រនេះក៏ត្រូវបានផ្អាកដំណើរទៅវិញមួយរយៈ រហូតដល់ដើមខែមករា ឆ្នាំ២០២៥នេះ ទើបបើកដំណើរការម្តងទៀត រោងចក្រនេះដែរ បច្ចុប្បន្នមានលទ្ធភាពប្រមូលទិញផ្លែស្វាយប្រមាណ២០ទៅ៣០តោនក្នុងមួយថ្ងៃ និងមានកម្មករធ្វើការប្រមាណ២៣០នាក់ ក្នុងនោះរោងចក្រក៏បានប្រើប្រាស់ទឹកប្រមាណ ជាង២៥ទៅ៣០ម៉ែត្រគូបលើខ្សែច្រវាក់ផលិតកម្មនេះផងដែរ៕