(កំពង់ធំ)៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោក អួង សារឿន ប្រធានកិត្តិយសអនុសាខា លោកស្រី ហាក់ ពុទ្ធិ តុសិតា អនុប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយមនុស្សធម៌ របស់អនុសាខា របស់រដ្ឋបាលឃុំ និងតាមបណ្តាវត្ត ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះរស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី ហាក់ ពុទ្ធិ តុសិតា ចូលរួមសោកស្ដាយជាមួយនឹងម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លឺឆេះនិងបានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំដោយមិនទុកបងប្អូននៅឯកោឡើយ។ លោកស្រីដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាការពារប្រុងប្រយ័ត្នចំពោះអគ្គិភ័យ មុនចាកចេញពីផ្ទះត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា លោកស្រី យិន ប៉ាង អាយុ៣៩ឆ្នាំ ប្តីឈ្មោះ សន ហឿន អាយុ៤១ឆ្នាំ បន្ទុកគ្រួសារ៥នាក់ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ផ្ទះទំហំ៤ម៉ែត្រ×៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលសង្កសី ឆេះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៣រសៀលមូលហេតុប្តីខឹងនឹងប្រពន្ធដុតផ្ទះខ្លួនឯងចោល។
សូមបញ្ជាក់ថា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង មាន៖ ថវិកាចំនួន ៩០០.០០០រៀល (ថវិការបស់អនុសាខា ៣០០.០០០រៀល រដ្ឋបាលឃុំគគីធំ១០០.០០០រៀល និងព្រះមន្ត្រីសង្ឃស្រុក៥០០.០០០រៀល)។ សម្រាប់សម្ភារ:អនុសាខាមាន៖ តង់១ កន្ទេល១ ឃីត១ ឆ្នាំង២ អង្ករ៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៉ីអ៉ីវ១យួរ សម្ភារៈតាមវត្តរបស់មន្ត្រីសង្ឃ មាន៖ អង្ករ១០០គីឡូក្រាម ឃីត៣កញ្ចប់ ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ ចង្ក្រានហ្កាស១ មី១កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ៕