(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) ភាគីទាំងពីរ បានលើកឡើងពីការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានរំពឹងយ៉ាងដូច្នេះថា៖ «តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងអាចជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជាបន្ថែមទៀត ដោយសារកម្ពុជាមានសិស្សដែលចេះជំនាញបច្ចេកទេស ដូចសិស្សនៅកូរ៉េដែរ»។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏មើលឃើញថា ពេលដែលកម្ពុជាមានសិស្សមានជំនាញបច្ចេកទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរ ដែលអាចគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេចចំពោះសំណូមពរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការ សម្រាប់គំនិតផ្តួចផ្តើមរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ជាការឆ្លើយតប លោក គីម ជីនផ្យូ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េ ជាមួយរាជរដ្ឋាភិបាលកម្ពជា ក៏ដូចជារវាងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក ដែលនឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេស នៅកម្ពុជា។

បន្ថែមពីនេះ លោកបានសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ KOICA និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលនេះទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញតម្រូវការរបស់អ្នកវិនិយោគបរទេស៕