(កំពង់ធំ)៖ ព្រះបរិត្តកោសល្យ ណិប អ៊ាន ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាព្រះអនុគណស្រុកស្ទោង បានដឹកនាំញាតិញោមពុទ្ធបរិស័ទពុទ្ធសាសនិកប្រារព្ធពិធីបុណ្យមាឃបូជា ដង្ហែបុណ្យមាឃបូជានៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២0២៥។
ព្រះអង្គបានមានសង្ឃដីកាថា ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន៖ ទី១-ការធ្វើចតុរង្គសន្និបាត ទី២-ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣-ព្រះពុទ្ធដាក់អាយុសង្ខារ។
ចតុរង្គសន្និបាតមានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង គឺទី១-ជាថ្ងៃឧបោសថដែលមានព្រះច័ន្ទពេញវង់ល្អ ទី២-ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣-ភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និងទី៤-ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។
រីឯការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ ដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។
ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ។
លើសពីនេះ ការប្រារព្ធពិធីនេះឡើងគឺជាការសន្សំនូវបុញ្ញនិធិរបស់ញាតិញោមពុទ្ធបរិស័ទទាំងសម្រាប់ជាតិនេះនិងអនាគតជាតិ និងជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រក៏ដូច ជាការរួបរួមសាមគ្គីគ្នារវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធសាសនិកឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។
សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា ត្រូវបានចាត់ទុកជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយក្នុងឱកាសនេះដែរក៏មានការនិមន្តនិងអញ្ជើញចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ស ស យ ក ប្រមាណជិតមួយពាន់នាក់៕