(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យថែរក្សាសុខភាពឱ្យបានល្អប្រសើរ ពិសេសធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ព្រមទាំងទទួលទានអាហារប្រកបដោយគុណភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ដែលអាចទ្រទ្រង់សុខភាព។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីចែកធុងចម្រោះជូនប្រជាពលរដ្ឋមកពីឃុំសំព្រោជ និងឃុំកំពង់ចិនត្បូង នៅសាលាស្រុកស្ទោង កាលនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបន្ថែមថា ការដែលយើងទាំងអស់គ្នាបានថែរក្សាសុខភាពបានល្អប្រសើរ គឺជាផ្នែកមួយនៃការសន្សំថវិការដែលកាត់បន្ថយការចំណាយផ្សេងៗ ឬទៅលើការថែរក្សាព្យាបាលជំងឺនៅមន្ទីរពេទ្យ ដែលជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារទាំងមូល។

ទន្ទឹមនឹងនេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលធុងចម្រោះទាំងនេះ ត្រូវអនុវត្តតាមការណែនាំរបស់បច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ប្រកបដោយគុណភាព និងទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ដែលអាចទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរថែមទៀត។

លើសពីនេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាទូទៅ និងយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីចុះជួយដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសត្រូវសហការជាមួយរដ្ឋបាលស្រុកក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនិឆាប់រហ័ស។

លោកបានណែនាំដល់ប្រជាពលរដ្ឋត្រូវនាំគ្នាធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ព្រមទាំងទទួលទានអាហារប្រកបដោយគុណភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ដែលអាចទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរ ជាពិសេសសុខភាពកុមារ និងមានភាពវ័យឆ្លាតផងដែរ។

សូមបញ្ជាក់ថា ធុងចម្រោះទាំងមួយពាន់នេះជាអំណោយរបស់អង្គការស៊ីបកូ តាមរយៈសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ៕