(វេណេស៊ុយអេឡា)៖ សភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានសម្រេចថ្កោល ទោសកាលពីថ្ងៃអាទិត្យ នូវអ្វីដែលពួកគេហៅថា «ការធ្វើរដ្ឋប្រហារ» ប្រព្រឹត្តឡើងដោយរបបដឹនំា ប្រធានាធិបតីបច្ចុប្បន្ន លោក Nicolas Maduro បន្ទាប់ពីមានការផ្អាកនីតិវិធីរៀបចំការបោះឆ្នោតប្រជាមតិ ប្រឆាំងនឹងប្រមុខរដ្ឋរូបនេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំក្រុមសមាជិកសភាបក្សប្រឆាំងបានព្រមព្រៀងគ្នា ថ្កោលទោសការធ្វើរដ្ឋប្រហារ ពីសំណាក់របបដឹកនាំរបស់លោក Nicolas Maduro ដែលនឹងដឹកនាំការធ្វើសកម្មភាពទប់ទល់គំរោងអន្តរជាតិ និងមធ្យោបាយដាក់សម្ពាធលើប្រជាជន។ ដោយឡែកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត ក៏បានប្រកាសផងដែរពីការពន្យាពេលការប្រមូលហត្ថាលេខា ដែលគ្រោងនឹងធ្វើឡើង នៅសប្ដាហ៍ក្រោយនេះសំដៅរៀបចំការបោះឆ្នោតប្រជាមតិ ដែលនេះអាចនិយាយបានថាជាដំណាក់កាល ចុងក្រោយសម្រាប់បក្សប្រឆាំង ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនមុននឹងមានការបោះឆ្នោត ប្រជាមតិទម្លាក់លោក Maduro ពីតំណែងប្រធានាធិបតី។
គួរបញ្ជាក់ថា គណបក្សប្រឆាំងបានចោទប្រកាន់លោក Maduro ថាជាអ្នកទទួលខុសត្រូវចំពោះការលិចលង់ សេដ្ឋកិច្ចជាតិ និងការធ្លាក់ចុះតម្លៃប្រេងឆៅ ខណៈអង្គការរូបបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា អតិផរណានៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងកើនដល់៤៧៥% នៅឆ្នាំ២០១៦នេះ ហើយអាចនឹងកើនដល់ ១៦៦០% នៅឆ្នាំ២០១៧។ វាជាភាពខាតបង់ដ៏ធំមួយ ដែលប្រជាជាតិអាមេរិកឡាទីនមួយនេះ មិនដែលជួប ប្រទះក្នុងប្រវត្តិសាស្ត្រខណៈសម្ព័ន្ធមិត្តអាមេរិក ចាប់ផ្តើមដាក់សម្ពាធបន្ថែមទៀត ប្រឆាំងនឹងប្រទេសដែលជា សម្ព័ន្ធមិត្តជិតស្និតខ្លាំងជាមួយរុស្ស៊ីមួយនេះ៕