(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព»។
សូមជម្រាបថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» បានដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅថ្ងៃបើកសន្និបាត ក៏មានការបែងចែក្រុមពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងឈានទៅកំណត់ទិសដៅសម្រាប់ផែនការបន្ដផងដែរ។
បន្ដនៅព្រឹកថ្ងៃទី២ អង្គសន្និបាតក៏មានការចូលរួមធ្វើបទបង្ហាញអំពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ, បទបង្ហាញអំពីកំណែទម្រង់រដ្ឋបាលសាធារណៈ, បទបង្ហាញអំពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបទបង្ហាញអំពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដោយលោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។
បន្ថែមពីនេះ ក៏មានការធ្វើបទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពក្មេងទំនើង បទល្មើសគ្រឿងញៀន និងការគ្រប់គ្រងជនអន្ដោប្រវេសន៍ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, បទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការផ្ដល់សេវាសង្គម ដោយលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានធ្វើការកត់សម្គាល់ ជាមួយការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននៅឆ្នាំ២០២៤ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ចទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ។
ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួនាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឲ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើប្រាស់ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕