(តាកែវ)៖ ស្រ្តីម្នាក់ដែលជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២៩លានរៀល ហើយគ្មានលុយសងក៏បានយល់ព្រមប្រគល់ផ្ទះ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយខ្លួនបានទៅធ្វើការនៅប្រទេសថៃ ក្រោយមកបានវិលត្រឡប់មកភូមិកំណើតវិញ តែគ្មានផ្ទះនៅ ក៏ទៅគាស់សោផ្ទះរបស់ខ្លួនចូលនៅវិញ ស្រាប់តែត្រូវបានម្ចាស់បំណុលប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួននោះ។
ប៉ុន្តែករណីនេះ ត្រូវបានលោកអភិបាលខេត្តតាកែវ ជួយសម្របសម្រួលដោះស្រាយបញ្ហានេះ ប្រកប់ដោយជោគជ័យ។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានប្រាប់Fresh News ឲ្យដឹងថា បញ្ហាស្រ្តីកូនបំណុលដែលសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការចាប់ខ្លួនព្រោះតែទៅគាស់សោផ្ទះរបស់ខ្លួន ដែលយល់ព្រមប្រគល់អោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយសារតែគ្មានប្រាក់សងគេនោះ ត្រូវបានរូបលោក ធ្វើការកោះហៅភាគីម្ចាស់បំណុលឈ្មោះ អែម ស៊ីថូ ជាប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាកូ និងស្រ្តីកូនបំណុលឈ្មោះ សែម រិន អាយុ៥១ ឆ្នាំ ដែលមានទីលំនៅក្នុងឃុំស្រងែ ស្រុកទ្រាំង មកជួបនៅសាលាខេត្តដើម្បីសម្របសម្រួលគ្នា។
លោកអភិបាលខេត្តបានបន្តថា នៅក្នុងការសម្របសម្រួលនោះលោកបានធ្វើការស្នើសុំ ចំពោះភាគីម្ចាស់បំណុល៣ចំណុច ទី១ ឈប់យកការប្រាក់ ទី២ ប្រគល់ផ្ទះឲ្យកូនបំណុលរស់នៅបណ្ដោះអាសន្នវិញ និងទី៣ ឲ្យកូនបំណុលសងប្រាក់រំលោះរយៈពេលយូរឆ្នាំ ទៅតាមលទ្ធភាពរបស់កូនបំណុល។
ការស្នើសុំនេះត្រូវបានម្ចាស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ យល់ព្រមទាំងអស់ ហើយវាក៏ឈានទៅដល់ភាពជោគជ័យ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕