(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចចោទប្រកាន់ និងសម្រេចឃុំខ្លួន បុរសជនជាតិវៀតណាម៣នាក់ ដែលបានលួចឆ្លងដែនចូលមកកម្ពុជា និងស្នាក់នៅដោយខុសច្បាប់ ព្រមទាំងក្លែងបន្លំឯកសារប្រើប្រាស់សាធារណៈ ស្របតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពី អន្ដោប្រវេសន៍ ដែលអាចជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១៥ឆ្នាំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងភូមិតាងូវ សង្កាត់និរោធ ខណ្ឌមានជ័យ ដែលទី១-ឈ្មោះ ង្វៀង វ៉ាន់ធិក អាយុ២៧ឆ្នាំ មុខរបរជាងតុទូ ទី២-ឈ្មោះង្វៀង យ៉ាំងម៉ៅ អាយុ៤១ឆ្នាំ មុខរបរជាងតុទូ និងទី៣-ឈ្មោះ ឡេ យ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ មុខរបរ ជាម្ចាស់សិប្បកម្មធ្វើទូ និងជាមេខ្លោងក្លែងក្លាយឯកសារបង្កាន់ដៃ ត្រួតពិនិត្យជនបរទេស (អ3) អន្តោប្រវេសន៍។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយបច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទៅលើជនបរទេសដែលលួចបន្លំឯកសារក្លែងក្លាយ ដើម្បីបានរស់នៅកម្ពុជា។
លោកក៏បាន អំពាវនាវផងដែរ ចំពោះជនបរទេសទាំងអស់ ដែលមកប្រកបអាជីវកម្មផ្សេងៗ សុំឲ្យប្រើប្រាស់ឯកសារឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានទោសដូចជាតិវៀតណាម ទាំង៣នាក់ខាងលើនេះ៕