(សៀមរាប)៖ ពន្ធនាគារខេត្តសៀមរាប នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតបំភ្លឺជុំវិញការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទណ្ឌិត ឡេង ចាន់ណា អាចប្រើប្រាស់ទូរស័ព្ទបានក្នុងពេល អនុវត្តទោសក្នុងពន្ធនាគារខេត្តសៀមរាប ដែលជាការបំផុសព័ត៌មានខុសពីការពិត នាំឱ្យមានការយល់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នមានសមត្ថកិច្ច។
សូមជម្រាបថា ក្នុងពេលប៉ុន្មានថ្ងៃនេះ មានគណនីហ្វេសប៊ុកមួយចំនួន ដូចជាគណនីហ្វេសប៊ុកឈ្មោះ «សុខ វិសាល» បានចុះផ្សាយថា៖ «នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់បំបាត់ភស្តុភាងមែន»។
គណនីហ្វេសប៊ុកមួយទៀតឈ្មោះ «អវតារ ស.» បានចុះផ្សាយថា៖ «ទទួលឆបោកធម្មតា! មុខគេមេគុក សៀមរាប ឆ្លើយមក?» និងគណនីហ្វេសប៊ុកឈ្មោះ «អង្រុតពត៌មាន Angrot News» បានចុះផ្សាយថា៖ «អ្នក.ចាញ់.បោ/ក.អតីតឧញ៉ាឡេង ចាន់ណា ទ.ម្លា.យថា៖ នៅតែក្នុង.តុ/ក.ទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់.បំ.បា.ត់.កស្តុតាងមែន»។ ករណីនេះជាប់ពាក់ព័ន្ធជាមួយជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អាយុ៣៦ឆ្នាំ ចូលពន្ធនាគារកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើសឆបោកដោយចេតនាមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់។
ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់គណនីហ្វេសប៊ុកទាំង៣ខាងលើ ពន្ធនាគារខេត្តសៀមរាបបានចេញបំភ្លឺជម្រាបជូនសាធារណជនថា តាមរយៈខ្លឹមសារដែលគណនីហ្វេសប៊ុកទាំង៣បានបង្ហោះ និងចែកចាយនេះ គឺបានបង្ហាញថាសារឆ្លើយឆ្លងចុងក្រោយដែលមាននៅក្នុងខ្លឹមសារនេះគឺនៅថ្ងៃទី៩ ខែកុម្ភៈ (មិនបញ្ជាក់ឆ្នាំណា)។ ដោយឡែក ពន្ធនាគារបានទទួលឃុំខ្លួនឈ្មោះ ឡេង ចាន់ណា យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនលេខ ២៣២ ឃខ-ដ-ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាប។ ក្នុងចំណុចនេះបានបង្ហាញឱ្យច្បាស់ថាសារទំនាក់ទំនងនេះ គឺកើតឡើងមុនជនជាប់ឃុំរូបនេះចូលពន្ធនាគារមកម្ល៉េះ។
ដោយឡែក ពាក់ព័ន្ធទៅនឹងខ្លឹមសារដែលលើកឡើងថា សាមីខ្លួនបានធ្វើការលុបខ្លឹមសារ Telegram នេះ ពន្ធនាគារខេត្តសៀមរាបក៏បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីពន្ធនាគារ ជនជាប់ឃុំមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទចល័តលក្ខណៈឯកជនបានឡើយ ហើយជាលទ្ធផល ក្រោយការឆែកឆេរបន្ទប់ឃុំខ្លួន ពន្ធនាគារខេត្តសៀមរាបពុំបានរកឃើញទូរស័ព្ទដែលជននេះលួចលាក់ក្នុងការប្រើប្រាស់នោះទេ ជនត្រូវចោទរូបនេះក៏បានបញ្ជាក់ថា Telegram ដែលខ្លួនប្រើប្រាស់ មុនចូលពន្ធនាគារកន្លងមក ក៏មានក្រុមការងាររបស់ខ្លួនជាអ្នកគ្រប់គ្រងប្រើប្រាស់ផងដែរ។ ហេតុនេះចំពោះការលើកឡើងការចោទប្រកាន់ថា សារទំនាក់ទំនង Telegram នេះ ត្រូវបានជនត្រូវចោទជាអ្នកលុបនោះ គឺជារឿងមិនត្រឹមត្រូវឡើយ៕