(បាត់ដំបង)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានមួយដង្ហែទៅកាន់វត្តសូភី ខេត្តបាត់ដំបូង ដើម្បីយកថវិកាកសាងសមិទ្ធផលនានានៅក្នុងវត្ត។ បុណ្យកឋិនទាននេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តប៉ៃលិន កើត សុធា និងអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ព្រមទាំងមន្រ្តីរាជការក្នុងក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត។
អង្គកឋិនទានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដែលបានធ្វើឡើងនាថ្ងៃទី២២ ខែតុលា និងដង្ហែចូលវត្តសូភីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៦នេះ ទទួលបានបច្ច័យសរុប ៦៥,៥៤០,០០០រៀល និង ១៣,១១៦ដុល្លារអាមេរិក។
បន្ទាប់ពីការធ្វើពិធីតាមលំអានប្រពៃណីព្រះពុទ្ធសាសនារួចហើយនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់អ្នកចូលរួម ទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចំណាយថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យកឋិនសាមគ្គី។ លោករដ្ឋមន្រ្តី ក៏បានបួងសួងសូមឲ្យបុណ្យកុសល កើតចេញពីការធ្វើបុណ្យកឋិននាំមកនូវសេចក្តីសេចក្តីចម្រើនដល់មន្រ្តីរាជការ និងអ្នកចូលរួមបុណ្យទាំងអស់ ហើយក៏បានសុំឲ្យអំណាច បុណ្យកុសលជួយឃុំគ្រងជាតិកម្ពុជា បានជួបតែសុខសន្តិភាព និងការរីកចម្រើនជារៀងរហូត។
ក្នុងពិធីនោះលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានចែកសម្ភារៈសិក្សា និងថវិកាមួយចំនួនដល់សិស្សានុសិស្ស និងជូនបច្ច័យមួយចំនួនដល់ យាយជី តាជីមួយចំនួនផងដែរ៕