(ភ្នំពេញ)៖ លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roshane SAIDNATTAR ផលិតករ
ភាពយន្ដ សញ្ជាតិ ខ្មែរ-បារាំង។
កិច្ចពិភាក្សាបានផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដតាមបែបស្ដង់ដាដោយប្រើប្រាស់ធនធាន មានស្រាប់ដ៏សម្បូរបែបរបស់ អ.វ.ត.ក. ឯកសារនៃអំពើព្រៃផ្សៃដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម ដើម្បីចងក្រងជាខ្សែភាពយន្ដសម្រាប់អប់រំយុវជនជំនាន់ក្រោយ ក្នុងគោលបំណងជំរុញពួកគេឱ្យចូលរួមការពារប្រឆាំងនឹងការកើតឡើងវិញនៃអំពើឃោរឃៅបែបនោះ។
ថ្លែងជម្រាបថ្នាក់ដឹកនាំនៃអ.វ.ត.ក. លោកស្រី Roshane SAIDNATTAR បានលើកឡើងថា ភាពយន្តជាមធ្យោបាយដ៏មានអានុភាព ដើម្បីនាំយករឿងរ៉ាវអ្វីមួយទៅប្រាប់មនុស្សទៅ ជាពិសេសយុវជនតាមរយៈ ការរួមបញ្ចូលប្រវត្តិសាស្រ្តជាមួយនឹងសិល្បៈនៃការនិទានរឿង យើងអាចបង្កើតភាពយន្តដែលមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តមនុស្សជំនាន់ក្រោយ ឱ្យចូលរួមក្នុងការទប់ស្កាត់ការការកើតឡើងវិញនូវអំពើឃោរឃៅទាំងឡាយបានដែរ។
ជាការឆ្លើយតបលោក ក្រាញ់ តូនី បានថ្លែងស្វាគមន៍ចំពោះបំណងនៃកិច្ចសហការនេះ ហើយលោកបន្តថា ការផ្សព្វផ្សាយទៅតាមរូបភាពផ្សេងៗ ជាពិសេសតាមរយៈខ្សែភាពយន្ត ដែលគ្រោងនឹងផលិតនៅពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ក្នុងការសិក្សាស្វែងយល់ពីជម្រៅនៃការឈឺចាប់របស់ពលរដ្ឋកម្ពុជា ក្នុងរបបខ្មែរក្រហម។
សូមបញ្ជាក់ថា គម្រោងនៃការផលិតភាពយន្ដអប់រំនេះ ជាការបោះជំហានថ្មីមួយទៀតរបស់ អ.វ.ត.ក. ក្នុងការខិតខំស្វែងរកវិធីសាស្ដ្រអប់រំអំពីប្រវត្តិសាស្ដ្ររបស់កម្ពុជាដល់យុវជនជំនាន់ក្រោយបន្ថែមពីលើអ្វី ដែល អ.វ.ត.ក. បាននិងកំពុងអនុវត្តរួមមាន មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. កម្មវិធីទស្សនកិច្ចសិក្សាប្រចាំសប្ដាហ៍សម្រាប់យុវជនមកពីបណ្ដាខេត្ត កម្មវិធីផ្សព្វផ្សាយតាមរថយន្ដក្រុង អ.វ.ត.ក. ចល័ត គេហទំព័រកេរដំណែល អ.វ.ត.ក. និងបណ្ដាញផ្សព្វផ្សាយសង្គមជាដើម៕