(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមានរបស់តំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីព ផងដែរ។
កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ ក្នុងគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។
លោក ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ រូមមាន៖
*ទី១៖ បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន
*ទី២៖ ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ
*ទី៣៖ បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ
*និងទី៤៖ បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមិនមានដល់កម្រិតឧត្តមសិក្សា (PhD) នោះទេ ពីព្រោះការបណ្តុះបណ្តាលជំនាញបច្ចេកទេស គឺសំដៅលើការបណ្តុះបណ្តាលរយៈពេលខ្លី ជាស្ពានចម្លងពលរដ្ឋទៅរកពិភពការងារលឿន បន្ទាប់ពីបញ្ចប់ការសិក្សា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានជំរុញដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាល សូមបន្តបេសកកម្មបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ៕