(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមបានរៀបចំផែនកាវភេរវកម្មប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារតាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។
នៅតាម Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ»៕