(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាមិនត្រូវឱ្យមានការលួចនាំចូលគ្រឿងញៀនឲ្យអ្នកទោសនៅក្នុងពន្ធនាគារ និងផ្តាច់ទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកក្រៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះឡើយ។

បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងតាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

នៅក្នុងសារលិខិតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាយ៉ាងដូច្នេះថា «អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារ និងមណ្ឌល អប់រំកែប្រែឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយ ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឱ្យមានការលួចនាំចូលគ្រឿងញៀនផ្តល់ឱ្យពិរុទ្ធជន ឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន»

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យត្រូវពិចារណាលើវិធានការក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ឬសេពគ្រឿងញៀន ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីទណ្ឌិត ឬពិរុទ្ធជនដទៃទៀតផងដែរ។

ការចេញបញ្ជានេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ និងកន្លងទៅមានព័ត៌មានថា មេក្លោងជួញដូរគ្រឿងញៀនមួយចំនួន បានបញ្ជាចេញពីពន្ធនាគារ ហើយមុខសញ្ញាខ្លះពេលកម្លាំងជំនាញចាប់បាន និងក្រោយការសួរនាំ ទៅចង្អុលបង្ហាញថា មេក្លោងរបស់ពួកគេបានបញ្ជាចេញពីពន្ធនាគារ។

សម្រាប់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន និងត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រង ឱ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការទប់ស្កាត់មិនឱ្យកើតមានបទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន។

នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាឲ្យអាជ្ញាធរដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់រៀបរយផ្សេងៗរួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែត បណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីប្រមូលផ្ដុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល៕