(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្ដសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ សម្រាប់ថ្ងៃទី២។

ការបន្ដសន្និបាតនៅព្រឹកនេះ មានការធ្វើបទបង្ហាញអំពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ, បទបង្ហាញអំពីកំណែទម្រង់រដ្ឋបាលសាធារណៈ, បទបង្ហាញអំពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបទបង្ហាញអំពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដោយលោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។

បន្ថែមពីនេះ ក៏មានការធ្វើបទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពក្មេងទំនើង បទល្មើសគ្រឿងញៀន និងការគ្រប់គ្រងជនអន្ដោប្រវេសន៍ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, បទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបទអន្ដរាគមន៍អំពីបទពិសោធន៍ក្នុងការផ្ដល់សេវាសង្គម ដោយលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

ដោយឡែក ពិធីបិទសន្និបាតនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕