(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Pravinya ផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ ក៏ដូចជាការរៀបចំគេហទំព័រ Visit Cambodia.com និងកម្មវិធី App Visit Cambodia ដើម្បីឈានដល់ការដាក់ឱ្យដំណើរការនាពេលខាងមុខ។

ពិធីចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោក នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Pravinya ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានណែនាំដល់លោករដ្ឋលេខាធិការ នាង ម៉ៅ ត្រូវសហការជាមួយក្រុមហ៊ុន Pravinya លើការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីក៏ស្នើឱ្យក្រុមហ៊ុនជួយអភិវឌ្ឍប្រព័ន្ធផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍តាមប្រព័ន្ធ Online ព្រមទាំងស្នើឱ្យក្រុមហ៊ុនបញ្ចប់នូវការរៀបចំគេហទំព័រ Visit Cambodia.com និង App Visit Cambodia ដើម្បីឈានដល់ការដាក់ឱ្យដំណើរការនាពេលខាងមុខ។

សូមជម្រាបថា ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ក៏ធ្លាប់បានពិភាក្សាគ្នាពីគម្រោងដាក់ឱ្យអនុវត្តកម្មវិធី Visit Cambodia App ដើម្បីជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសកម្ពុជា ដែលកម្មវិធីនេះមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដែលជាទេសចរអន្តរជាតិ ដូចជា៖ កក់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ តាក់ស៊ី ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ស្នើសុំទិដ្ឋាការចូលកម្ពុជា ទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការភ្ជាប់ជាមួយនឹងប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។ល៕