(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារសាធារណមតិ មានសារៈសំខាន់ណាស់ ជាពិសេសក្នុងយុគសម័យឌីជីថល ដើម្បីគ្រប់គ្រងព័ត៌មាន រួមចំណែកធានានិរន្ដរភាពសតិអារម្មណ៍របស់ពលរដ្ឋ ពោលគឺកុំឱ្យពួកគាត់មានចិត្តច្របូកច្របល់ ដោយសារតែការទទួលបាននូវព័ត៌មានបំពុលសង្គម ជាពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានត្រឹមត្រូវ មានភាពនឹងនរក្នុងចិត្ដ និងការសម្រេចចិត្តនានាប្រចាំថ្ងៃ។

ការលើកឡើងរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិជូនមន្ត្រីរាជការអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្នុងតួនាទីជាស្ថាប័នសារព័ត៌មានជាតិ មានភារកិច្ចចម្បងមួយក្នុងការផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ដោយពង្រឹងតួនាទីជាប្រភពព័ត៌មានផ្លូវការ ជាសំលេងជាតិ ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវ និងជឿទុកចិត្តបានរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ភារកិច្ចនេះកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀតនៅក្នុងបរិបទសង្គមឌីជីថល ដែលសតិអារម្មណ៍របស់មហាជន មានទំនោរទៅតាមព័ត៌មានដែលទទួលបានតាមបណ្តាញទំនាក់ទំនងសង្គម ហើយថាតើអាចឱ្យសង្គមរបស់យើង មានសណ្តាប់ធ្នាប់បានដូចម្តេចទៅ ប្រសិនបើពលរដ្ឋមានការច្របូកច្របល់ដោយសារតែរឿងការផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ទាំងពិត និងមិនពិត ល្អ និងអាក្រក់ និងព័ត៌មានបែបបំពុលនៅលាយឡំគ្នាបែបនេះ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះក្នុងនាមយើងជាសេនាធិការរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល យើងត្រូវបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីរួមចំណែកធានាឱ្យសង្គមយើងមានសណ្ដាប់ធ្នាប់ និងស្ថិរភាព ដោយប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព»

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះគឺមានការប្រែប្រួលខ្លាំងក្នុងវិស័យព័ត៌មាន ដែលការប្រែប្រួលនេះដោយសារតែការផ្សព្វផ្សាយ និងទទួលព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដែលរួមមាន៖ ហ្វេសប៊ុក យូធូប និងតិកតុក ជាដើម ដែលតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា បានបង្ហាញថា កម្ពុជាគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ មានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសការភ្ជាប់សេវាតាមរយៈស្មាតហ្វូន មានប្រមាណ ២០លានសេវា ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៧លាននាក់។ ការណ៍នេះបានបង្ហាញពីសិទ្ធិសេរីភាពអ៉ីនធឺណែត ពេញលេញរបស់អ្នកប្រើប្រាស់នៅកម្ពុជា និងការប្រើប្រាស់បណ្តាញសង្គមដោយសេរីសម្រាប់ការផ្សព្វផ្សាយ និងចែកចាយនូវព័ត៌មានដ៏សម្បូណ៍បែប ក្នុងនោះមានទាំងព័ត៌មានក្លែងក្លាយច្រើនប្រភេទ មានចរិក និងគោលបំណងផ្សេងៗគ្នាជាច្រើន។

អ្នកនាំពាក្យរូបនេះបានជម្រាបជូនផងដែរថា កាលពីឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៣ ៦៥១ ករណី ហើយក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងនេះ គឺមានរឿងរសើបជិត ៤០០ករណី ត្រូវបានវាយតម្លៃថាអាចបង្កផលវិបាកនិងជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ ដែលយើងបានធ្វើការឆ្លើយតបបានទាន់ពេលវេលាក្នុងក្របខ័ណ្ឌសាធារណមតិ និងក្នុងក្របខ័ណ្ឌយន្តការច្បាប់ផងដែរ ដើម្បីរក្សាប្រក្រតីភាព ស្ថិរភាព និងនិរន្តរភាពសណ្តាប់ធ្នាប់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងពីសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាដោយលើកឡើងថាមានលក្ខណៈល្អប្រសើរ ហើយឯកឧត្ដមក៏បានបដិសេធចំពោះការលើកឡើងក្នុងសាធារណមតិដែលថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជាបានរួមតូច សិទ្ធិសារព័ត៌មានត្រូវបានរឹតត្បិត អ្នកសារព័ត៌មានទទួលរងការធ្វើទុក្ខបុកម្និញ គ្មានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន អ្នកសារព័ត៌មានទទួលការគំរាមកំហែង និងច្បាប់សារព័ត៌មានមិនត្រូវបានអនុវត្ត «សោះ» ជាដើម ដែលជាការលើកឡើងដែលមានភាពលម្អៀង គ្មានតុល្យភាព មិនបានឈរលើមូលដ្ឋាននៃការពិត និងស្ថានភាពជាក់ស្តែងក្នុងវិស័យទាំងមូល។ ស្ថានភាពសេរីភាពសារព័ត៌មានមានភាពល្អប្រសើរបែបនេះ គឺបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការវាយតម្លៃបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់ក្នុងឆ្នាំ២០២៤ ដែលលទ្ធផលនៃការវាយតម្លៃត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥នេះ មាន ២,២៥៨រឿង ត្រូវបានផលិតនិងផ្សព្វផ្សាយជូនសាធារណជនក្នុងមូលដ្ឋានរាជធានី-ខេត្តទាំង២៥ ជាទម្រង់ចម្រុះមានអត្ថបទ រូបថត សារសំលេង និងវីដេអូ ដោយក្នុងនោះ មានប្រធានបទសាធារណមតិចំនួន ១៩៩ ករណី និងព័ត៌មានក្លែងក្លាយចំនួន ៤១ករណី ត្រូវបានឆ្លើយតប បំភ្លឺ និងពន្យល់សាធារណជន ជម្រះការមន្ទិល ឱ្យប្រជាពលរដ្ឋអស់ក្តីបារម្ភ ធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់ល្អក្នុងសហគមន៍៕