(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន អាជីវករ ប្រជាពុទ្ធបរិស័ទ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅប្រគេនព្រះសង្ឃ នៅវត្តវេឡុនោទ្យាន ហៅវត្តស្វាយចេក ស្ថិតក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយបច្ច័យសរុបជាង៣៤៧លានរៀល។
ក្នុងនោះកឋិនសូត្រមន្ត នៅរាជធានីភ្នំពេញបានបច្ច័យ ២៣០លានរៀល រីឯមន្ត្រីរាជការ អាជីវករ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ មានចំនួន១០០លានរៀល និងពុទ្ធបរិស័ទក្នុងភូមិឃុំនានា នៅស្រុកស្វាយចេក និងអណិកជនខ្មែរនៅក្រៅប្រទេស សរុបជាង១៧លានរៀល។
លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្ត សហការី បានដង្ហែទៅប្រគេនវត្ត និងប្រគេនព្រះតេជគុណ ធុល សុធា ព្រះគ្រូចៅអធិការវត្ត និងជាព្រះមេគណខេត្ត ព្រមទាំងសង្ឃគង់ចាំព្រះវស្សា ហើយអង្គាសបានទេយ្យទាន និងបច្ច័យដូចខាងលើ ត្រូវបែងចែកទៅវត្តម្ចាស់ផ្ទះ សម្រាប់កសាងមហាកុដិព្រះមេគណខេត្ត និងរំលែកទៅកាន់វត្តខាងក្រៅចំនួន៦វត្តទៀត គឺក្នុង១វត្ត១០លានរៀល រួមមាន ទី១-វត្តចមសុទ្ទាវាស (ស្វាយចាស់) ទី២-វត្តប្រាសាទរលំជ្រៃ ទី៣-វត្តខ្ចាស ទី៤-វត្តហ្លួង ទី៥-វត្តព្រះពន្លាជ័យ និងទី៦-វត្តសាមាធិផល។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ក៏ដូចរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ សូមថ្លែងអំណរគុណ ចំពោះសទ្ធាជ្រះថ្លាក្នុងការរួបរួម មូលមតិគ្នា និងអង្គាសបច្ច័យ បានធ្វើបុណ្យទាន កសាងសមិទ្ធិផលក្នុងវត្ត ក៏ដូចក្នុងវិស័យនានា។
លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានរំលឹកនូវ សេចក្តីថ្លែងអំណរគុណ ចងចាំ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយកសាង អភិវឌ្ឍ ប្រទេស ឲ្យរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ជាងនេះទៅទៀត សម្តេចតេជោ ក្នុងដំណើរចុះសួរទុក្ខ ដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ពលរដ្ឋខេត្តបន្ទាយមានជ័យ ដល់ទៅ២លើក កាលពីថ្ងៃទី១៨-១៩ ខែតុលា ម្តងនិងថ្ងៃទី២០ ខែតុលា ម្តងទៀត ហើយសម្តេចបាន ជួបយ៉ាងស្និតស្នាលរាក់ទាក់ និងជួយកសាងសមិទ្ធផលយ៉ាងសន្ធឹកសន្ធាប់ តាមសាលារៀននានា។
ជាមួយគ្នានេះ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចងចាំដឹងគុណ និងគាំទ្រប្រកបដោយការជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចគ្រប់អាណត្តិ តរៀងទៅទៀត៕