(មណ្ឌលគិរី)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានជាង៥០នាក់ មកពីជាង២០ស្ថាប័ន បានទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។

ដំណើរបេសកកម្ម ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ ត្រូវបានលោក ពុយ គា បញ្ជាក់ឱ្យដឹងថា «បេសកកម្មលើកនេះមានលក្ខណៈប្លែកពីបេសកកម្មកន្លងមក ដោយផ្តោតទៅលើវិស័យឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្ដានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភាគឦសានទាំងពីរនេះ ហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ»។

អ្នកសារព័ត៌មានទាំង២០ស្ថាប័ននេះ នឹងទៅកាន់ទីតាំងការដ្ឋានឧហ្សាហកម្មរ៉ែ រួមនិងតំបន់សក្តានុពលនានារបស់ខេត្តមណ្ឌលគីរី។ បន្ទាប់មកអ្នកសារព័ត៌មានទាំងជាង៥០នាក់ នឹងបន្តដំណើរទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីចុះយកព័ត៌មាននៅតំបន់កសិឧស្សាហកម្មមួយចំនួនដូចជា៖ រោងចក្រផលិតសំបកកង់រថយន្ត ការដ្ឋានអាជីវកម្មថ្មអារ តំបន់ឧស្សាហកម្មកែច្នៃ និងរ៉ែ និងកសិដ្ឋានចំការចេករបស់ក្រុមហ៊ុន CHACO AGRI ។ បន្ទាប់មកនឹងផ្សាយព័ត៌មានជាភាសាខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេសផងដែរ។

សូមជម្រាបថា នេះជាបេសកកម្មលើកទី៧ របស់ក្លឹបអ្នកកាសែតកម្ពុជា បន្ទាប់ពីបានទៅខេត្តព្រះសីហនុ ,ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់, រមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លឹបអ្នកកាសែតកម្ពុជា (ក អ.ក) នឹងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្របេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕