(ឧត្តរមានជ័យ)៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃបុណ្យមាឃបូជា ដែលនៅថ្ងៃនេះដែរ នៅតាមទីវត្តអារាមនានា នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យមាឃបូជានេះ និងបានដង្ហែយ៉ាងគគ្រឹគគ្រេងផងដែរ។

ដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ ពិសេសនៅក្នុងវត្តរាជាសំរោង ស្ថិតក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានរៀបចំនូវពិធីបុណ្យមាឃបូជានេះដែរ ដោយមានការចូលរួមពីលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងលោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអង្គ នាក់ផងដែរ។

លោក ឆឹម តឿ បានថ្លែងថា ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗ៣យ៉ាងគឺទី១៖ សំដៅដល់ថ្ងៃដែលព្រះពុទ្ធបរមគ្រូទ្រង់ធ្វើចត្តុរង្គសន្និបាត ទី២៖ សំដៅដល់ថ្ងៃដែលព្រះពុទ្ធបរមគ្រូទ្រង់សម្តែងឱវាទបាតិមោក្ខ និងទី៣៖ ដំដៅដល់ថ្ងៃដែលទ្រង់ដាក់អាយុសង្ខារ។

លោក ឆឹម តឿ បានថ្លែងបញ្ជាក់ទៀតថា ចតុរង្គសន្និបាត គឺជាការប្រជុំដោយអង្គបួន ដែលព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើតែម្តងគត់ ក្នុងពេលដែលព្រះអង្គមានជន្មានៅ អង្គទាំង៤រួមមាន៖
*ថ្ងៃឧបោសថព្រះចន្ទពេញវង់ ប្រកបដោយផ្កាយប្រចាំខែមាឃ គឺថ្ងៃ១៥កើត ខែមាឃ។
*ភិក្ខុ១២៥០រូប ឥតមានអ្នណានិមន្តឡើយ ស្រាប់តែមកជួបជុំដោយខ្លួនឯង។
*ភិក្ខុទាំង១២៥០រូបនោះ គឺសុទ្ធតែជាព្រះអរហន្តបានសម្រេចនូវព្រះអភិញ្ញា៦គ្រប់ៗរូប។
*ភិក្ខុទាំង១២៥០រូប សូម្បីតែ១រូបដែលកោរសក់ដោយកាំបិត ហើយបួសក៏មិនមាន គឺមានសុទ្ធតែជាឯហិភិក្ខុទាំងអស់។

ព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ ឱវាទបាតិមោក្ខ គឺជាបេះដូងព្រះពុទ្ធសាសនា មានចំនួនបីគាថាកន្លះ ដែលទ្រង់ត្រាស់សម្តែងក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ មុនព្រះអង្គបរិនិព្ធាន៣ខែ៖
*ការមិនធ្វើបាបទាំងពួង ការញាំងកុសលឱ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឱ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
*ខន្តី គឺសេចក្តីអត់ធន់ ជាតបៈធម៌ដ៍ឧត្តម ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្ធានជាធម្មជាតិដ៍ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មះថា បុព្ធជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថាសមណៈឡើយ។
*ការមិនតិះដៀល១ ការមិនបៀតបៀន១ ការសង្រួមក្នុងបាតិមោក្ខ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត១ ការដេកនិងអង្គុយក្នុងទីស្ងាត់១ ការព្យាយាមក្នុងអធិចិត្ត១ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

ព្រះអង្គដាក់ជន្មាយុសង្ខារ ការដាក់ជន្មាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃ នៅបាវាឡចេតិយ ជិតក្រុងវេសាលី នៅនឹងមុខមាររាធិរាជថា ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀត តថាគត នឹងបរិនិព្ធាន។ដោយហេតុយ៉ាងនេះហើយ បានជាពុទ្ធសាសនិកអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើ ពិធីមាឃបូជា រហូតដល់សព្វថ្ងៃនេះ៕